ក្រសួង​ការ​បរ​ទេស​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ បាន​សម្រេច​ដាក់​ចេញ​វិធាន​ការ​រឹត​បន្តឹង​បន្ថែម​ លើ​ការ​ធ្វើ​ដំណើរ​ជន​​បរ​ទេស​ទាំង​អស់ ដែល​មាន​បំណង​ចូល​មក​ទឹក​ដី​កម្ពុជា​នា​ពេល​ខាង​មុខ ដែល​វិធាន​ការ​ទាំង​នេះ​គឺ​មាន​រយៈ​ពេល​៣០​ថ្ងៃ នឹង​ត្រូវ​ចាប់​ផ្ដើម​អនុ​វត្ត​ពី​ថ្ងៃ​ទី​៣០​ខែ​មីនា​។

សេចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ក្រសួង​ការ​បរ​ទេស​ចុះ​ផ្សាយ​ថ្ងៃ​សៅរ៍​ទី​២៨​មីនា​បញ្ជាក់​ថា កម្ពុជា​ផ្អាក​គោល​ការណ៍​លើក​លែង​ទិដ្ឋា​ការ និង​ការ​ផ្តល់​ទិដ្ឋា​ការ​ទេស​ចរ ទិដ្ឋា​ការ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​(e-Visa) និង​ទិដ្ឋា​ការ​នៅ​ពេល​មក​ដល់ (Visa on Arrival) ជូន​ជន​បរ​ទេស​ទាំង​អស់​ក្នុង​រយៈ​ពេល​មួយ​ខែ​។

ចំពោះ​ជន​បរ​ទេស​ដែល​មាន​បំណង​ធ្វើ​ដំណើរ​ចូល​មក​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ត្រូវ​ស្នើ​សុំ​ទិដ្ឋា​ការ​ជា​មុន នៅ​តាម​ស្ថាន​តំណាង​កម្ពុជា​នៅ​បរ​ទេស​។ ជន​បរ​ទេស​នោះ​ត្រូវ​ផ្តល់​នូវ​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​សុខ​ភាព ដែល​ចេញ​ដោយ​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ផ្នែក​សុខ​ភាព​នៃ​ប្រទេស​របស់​សាមី​ខ្លួន ដែល​មាន​សុពល​ភាព​មិន​លើស​ពី​៧២​ម៉ោង មុន​ពេល​ធ្វើ​ដំណើរ​ដើម្បី​បញ្ជាក់​ថា ខ្លួន​ពុំមា​ន​វីរុស​កូរ៉ូណា​(​កូវីដ​-​១៩​)​។

បន្ថែម​ពី​នេះ ជន​បរ​ទេស​ត្រូ​វមាន​ឯក​សារ​ធានា​រ៉ាប់​រង ដែល​បញ្ជាក់​ពី​ការ​រ៉ាប់​រង​សុខ​ភាព ក្នុង​ចំនួន​ទឹក​ប្រាក់​យ៉ាង​តិច​៥​ម៉ឺន​ដុល្លារ​អា​មេ​រិក​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​កម្ពុជា​។

ប៉ុន្តែ​តម្រូវ​ការ​វិញ្ញា​បន​ប័ត្រ​បញ្ជាក់​សុខ​ភាព និង​ឯក​សារ​ធានា​រ៉ាប់​រង​សុខ​ភាព​ មិន​ត្រូ​វបាន​អនុ​វត្ត​ចំពោះ​ជន​បរ​ទេស ដែល​កាន់​ទិដ្ឋា​ការ​ការ​ទូត​(​ទិដ្ឋា​ការ​ប្រ​ភេទ​A​)​ ឬ​ទិដ្ឋា​ការ​ផ្លូវ​ការ​(​ទិដ្ឋា​ការ​​ប្រភេទ​B​) របស់​កម្ពុជា​នោះ​ទេ​។

នៅ​ពេល​ចូល​មក​កម្ពុជា ជន​បរ​ទេស​នឹង​ត្រូវ​ត្រួត​ពិនិត្យ​ហា​និ​ភ័យ​សុខ​ភាព ដោយ​មន្រ្តី​មាន​សមត្ថ​កិច្ច​របស់​រាជ​រដ្ឋា​ភិ​បាល មុន​នឹង​អនុ​ញ្ញាត​ឱ្យ​ចូល​ក្នុ​ង​ប្រទេស​។ ជន​បរ​ទេស​នោះ នឹង​ត្រូវ​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ស្រប​តាម​វិធាន​ការ​ចត្តា​ឡី​ស័ក ឬ​វិ​ធាន​ការ នា​នា ដែល​បាន​កំណត់​ដោយ​ក្រសួង​សុខា​ភិ​បាល​កម្ពុជា ដើម្បី​បង្ការ​និង​ទប់​ស្កាត់​វីរុស​នេះ​៕