លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានលើកឡើងថា ដើម្បីត្រៀមខ្លួនទទួលវត្តមានភ្ញៀវទេសចរ ដែល​នឹងមានការកើនឡើងនាពេលខាងមុខនោះ រាជរដ្ឋាភិបាលត្រូវបង្កើតក្រុងសៀមរាបថ្មីមួយ ដែលមាន​ការ​អនុញ្ញាត​ឱ្យមានការកសាងអគារទំនើបៗ និងត្រូវមានអាកាសយានដ្ឋានអន្តរជាតិធំថ្មីនៅទីនោះផងដែរ។

គម្រោងសាងសង់នេះ ដោយសារក្រុងសៀមរាបបច្ចុប្បន្ន មិនអនុញ្ញាតឱ្យកសាងអគារមានកម្ពស់ខ្ពស់ៗ អាកាស​យានដ្ឋានក៏មិនអាចពង្រីកបន្ថែម។ ក្រុងសៀមរាបថ្មីនេះ ត្រូវបានបង្ហើបថាមាន​ទីតាំងស្ថិតនៅទិសខាង​កើតក្រុង​សៀម​រាបច្ចុប្បន្ន មានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ។

ការប្រកាសអំពីគម្រោងបង្កើតក្រុងសៀមរាបថ្មីនេះ បានធ្វើឡើងនៅថ្ងៃទី១៦កញ្ញា នៅក្នុងកិច្ច​ប្រជុំលើកទី៣​នៅ​សណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដែលរៀបចំឡើងគណៈកម្មការអន្តរក្រសួងដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍​ទេសចរណ៍នៅខេត្តសៀមរាបឡើងវិញ ក្រោយពីចំនួនភ្ញៀវទេសចរណ៍បានធ្លាក់ចុះយ៉ាងខ្លាំងក្នុង​រយៈពេលចុង​ក្រោយ​នេះ៕