ភ្នំពេញ៖ ចាប់ពីខែមេសា ឆ្នាំ២០១៩ ខាងមុខតទៅ ប្រទេសជប៉ុននឹងបើកទីផ្សារទទួល​ពលករ​ពីកម្ពុជា  និងបណ្តាប្រទេសនានា ជាដៃគូរ ដើម្បីឲ្យទៅបម្រើការងារ នៅក្នុង​ប្រទេសជប៉ុន។ នេះបើតាមការអះអាងរបស់រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈលោក អ៊ិត សំហេង។

លោក អ៊ិត សំហេង ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយ​ជំនួបពិភាក្សា​ការងារជាមួយ​លោក HORINOUCHI HIDEHISA ឯកអគ្គរាជទូតជប៉ុនប្រចាំនៅ​កម្ពុជាពាក់ព័ន្ធនឹង​កិច្ចព្រមព្រៀង​សហប្រតិ​បត្តិការ​រវាងកម្ពុជា-ជប៉ុនស្តីពី“ពលករជំនាញ” កាលពីព្រឹក​ថ្ងៃទី១៨ ខែកុម្ភៈ ថា ការចុះកិច្ចព្រមព្រៀងលើប្រព័ន្ធថ្មី របស់ជប៉ុននេះ គឺដើម្បីទទួល​ពលករ​កម្ពុជាឱ្យទៅធ្វើការនៅជប៉ុនជាលក្ខណៈពលករពេញសិទ្ធិ មិនមែនជាកម្មសិក្សា​ការីដូចមុនទៀតទេ។

លោករដ្ឋមន្រ្ដីបន្ដថា “នេះជាឱកាសថ្មីមួយដែលជប៉ុន បើក​ទូលាយក្នុងការទទួលយក​ពលករពេញសិទ្ធិពីកម្ពុជា ក៏ដូចជាពីបណ្តាប្រទេសជាដៃគូនានា ដើម្បីទៅធ្វើការ​នៅប្រទេសជប៉ុន”។

លោក អ៊ិត សំហេង បានពន្យល់បន្ថែមថា ចំពោះពលករទៅធ្វើការនៅ​ក្នុងប្រទេសជប៉ុន​បន្ទាប់ពីចុះកិច្ច ព្រមព្រៀងទៅគឺស្ថិតក្នុងកម្រិតជាពលករជំនាញមិនដូចមុនទេ គឺជា​កម្មសិក្សា​ការី ហើយកម្ម​សិក្សាការីខុសពីពលករ​គឹកម្មសិក្សាការីទទួលបានប្រាក់ខែ​តាម​កម្មសិក្សា​ការី។ចំណែកពលករ ​វិញ ទទួលបានប្រាក់ខែខ្ពស់ជាងកម្មសិក្សាការី។

គិតត្រឹមខែធ្នូ ឆ្នាំ២០១៨កន្លងមក កម្ពុជាបានបញ្ជូនកម្មសិក្សាការីសរុប ជាង​៩.០០០​នាក់ ដែលបានទៅធ្វើកម្មសិក្សានិងធ្វើការនៅប្រទេសជប៉ុន ដោយពលករម្នាក់ៗ ទទួល​បានប្រាក់​ឈ្នួលជា មធ្យម ប្រមាណ១.៥០០ដុល្លារ សហរដ្ឋអាមេរិកក្នុងមួយខែ។

សូមបញ្ជាក់ថា ភាគីទាំងកម្ពុជា និងជប៉ុន បានឯកភាពជំរុញឱ្យក្រុមការងារបច្ចេកទេស ពិនិត្យកែសម្រួលសេចក្តីព្រាង អនុស្សរណៈយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការ (MOC) ឱ្យបានឆាប់ ក្នុងគោលបំណងដើម្បីបង្កើនទីផ្សារការងារ និងឱកាសការងារ​ដល់ប្រជាជន​កម្ពុជា៕ AKP

អត្ថបទ៖​ ពង្ស សាវតា