រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រត្យស្ដីពីបង្កើតច្រកទ្វារអីនធឺណិតជាតិតែមួយ ដើម្បីឱ្យរាល់ការប្រើប្រាស់បណ្ដាញអ៊ីនធឺណិតទាំងអស់នៅក្នុងប្រទេស ស្ថិតក្រោមតាមការឃ្លាំមើលនិងពិនិត្យពីអាជ្ញាធររដ្ឋាភិបាល។ សង្គមស៊ីវិលយល់ថា ការបង្កើតច្រកទ្វារតែមួយនេះ នឹងកាន់តែរឹតត្បិតទៅលើសិទ្ធិសេរីភាពរបស់ពលរដ្ឋបន្ថែមទៀត។

រដ្ឋាភិបាលបានប្រកាសឱ្យអនុវត្តតាមអនុក្រឹត្យស្ដីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតនេះ ចាប់​ពីថ្ងៃទី១៦កុម្ភៈនេះទៅ។ ដោយសាររាល់បណ្ដាញអ៊ីនធីណិតទាំងអស់ ត្រូវតភ្ជាប់មកកាន់ច្រកទ្វារអ៊ីនធឺណីតតែមួយនេះ នឹងធ្វើឱ្យរដ្ឋាភិបាលកាន់តែងាយស្រួលក្នុងការចាត់វិធានការបិទឬផ្អាកគណនីរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត ឬព្យួរអាជ្ញាបណ្ណរបស់អ្នកផ្ដល់សេវាអ៊ីនធឺណិត ប្រសិនរដ្ឋាភិបាលយល់ថា អ្នកទាំងនោះបានអនុវត្តរំលោទអនុក្រឹត្យនេះ ដែលនាំឱ្យប៉ះពាល់សណ្ដាប់ធ្នាប់និងសន្ដិសុខសង្គមជាដើម។ ច្រកទ្វារថ្មីនេះត្រូវគេចាត់ទុកថា កម្ពុជាកំពុងយករបៀបនៃការគ្រប់គ្រងការប្រើប្រាស់អ៊ីនធឺណិតរបស់ពលរដ្ឋតាមប្រទេសចិន។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងតាមរយៈទំព័រហ្វេសប៊ុករបស់លោកស្រីថា ស្របពេលកើនឡើងនៃការចាប់ខ្លួន និងចោទប្រកាន់លើពល​រដ្ឋដែលបានប្រើប្រាស់បណ្តាញសង្គមក្នុងការបញ្ចេញមតិមួយចំនួនកន្លងរួចមក ការចេញ​អនុក្រឹត្យថ្មីនេះ គឺជារបត់គួរឱ្យបារម្ភបន្ថែមទៀតលើលំហសេរីភាពមូលដ្ឋានរបស់ពលរដ្ឋតាមបណ្តាញសង្គមនិងអ៊ីនធឺណិត។

លោកស្រីយល់ឃើញថា ការបង្កើតច្រកទ្វារអ៊ីនធឺណិតដែលត្រូវបានអនុម័តតាមរយៈអនុ​ក្រឹត្យចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ នឹងផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងលើការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតនៅគ្រប់ច្រកទ្វារអ៊ីនធឺណិតទាំងអស់ រាប់ទាំងការចាត់វិធានការទប់ស្កាត់ និងកាត់ផ្តាច់ចោលរាល់ការតភ្ជាប់បណ្តាញទាំង​ឡាយណាដែលរដ្ឋាភិបាលយល់ថា បានប៉ះពាល់ដល់ចំណូលជាតិ សុវត្ថិភាព របៀបរៀបរយសណ្តាប់ធ្នាប់សង្គម សីលធម៌ វប្បធម៌ ប្រពៃណី និងទំនៀមទំលាប់។

លោកស្រីថា៖«ច្បាប់ពាក់ព័ន្ធមួយចំនួនកន្លងមកបានរឹតត្បិតដល់សិទ្ធិសេរីភាពពលរដ្ឋរាប់​ទាំងសេរីភាពលើបណ្តាញអ៉ីនធឺណិតរួចទៅហើយ ហើយការដាក់ចេញនូវអនុក្រឹត្យនេះទៀត នឹងបន្ថែមជាឧបករណ៍ក្នុងការដែលរដ្ឋាភិបាលអាចគ្រប់គ្រងនិងឃ្លាំមើលនូវលំហូព័ត៌មាននិងការបញ្ចេញមតិរបស់ពលរដ្ឋបន្ថែមទៀត»។



យោងតាមអនុក្រឹត្យថ្មីនេះ គឺរដ្ឋាភិបាលបានទុកពេល១ឆ្នាំ ដើម្បីឱ្យរាល់អ្នកផ្ដល់សេវាអ៊ីនធឺណិតទាំអស់ ដូចជា អ្នកទទួលបានអាជ្ញាបណ្ណច្រកទ្វារទូរគមនាគមន៍អន្តរជាតិ និងអាជ្ញាធរប្រតិបត្តិការស្ថានីយ៍ឡើងគោកខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងប្រតិបត្តិករផ្ដល់សេវាអ៊ីនធឺណិតដែលកំពុងតភ្ជាប់បណ្ដាញនិងលក់ដុំសេវាអ៊ីនអឺណិត ត្រូវតែតភ្ជាប់ដើម្បីឆ្លងកាត់ច្រកទ្វារអ៊ីនធឺណិតជាតិនេះ។

លោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបចំពោះសង្គមស៊ីវិលដែលព្រួយបារម្ភការបង្កើតច្រកទ្វារអ៊ីនធឺណិតនេះ ថាជាទម្លាប់របស់ពួកគាត់ក្នុងការរិះគន់ នៅពេលរដ្ឋាភិបាលធ្វើអ្វីមួយ។ លោកបដិសេធថា ច្រកទ្វារនេះ នឹងមិនហាមឃាត់ឬបិទសិទ្ធិសេរីភាពបច្ចេញមតិនៅលើបណ្តាញសង្គមឡើយ ផ្ទុយទៅវិញមានបំណងជួយការពារសន្តិសុខជាតិ ហើយប្រទេសណាក៏មានការគ្រប់គ្រងបែបនេះដែរ។

លោកថា៖«យើងឃើញថានៅសហរដ្ឋអាមេរិចពួកគាត់ព្រួយបារម្ភ ហើយមានប្រព័ន្ធបិទទៅលើបណ្តាញ Twitter រួមទាំង Facebook ហើយមានដល់ការបិទគណនីរបស់ប្រធា​នាធិបតី ដូ ណាល់ត្រាំ ផង ហើយនៅក្នុងហ្នឹងគេមានអាជ្ញាធររបស់គេដែលគេរៀបចំនិងគ្រប់គ្រងហ្នឹង ដើម្បីទទួលខុសត្រូវលើហិរញ្ញវត្ថុ ហើយប្រសិនបើយើងចង់បញ្ចេញមតិយើងសរសេរទៅពីព្រោះនាយករដ្ឋមន្រ្តីគាត់មានផេក ឧបនាយករដ្ឋមន្រ្តីគាត់មានផេក ផ្ទាល់ខ្លួន ដើម្បីតវ៉ាបញ្ចេញមតិ»។

លោកបន្តថា ការបង្កើតឲ្យមានច្រកទ្វារអ៊ីនអឺណិតតែមួយនេះ គឺមានគោលបំណងសំដៅលើការគ្រប់គ្រងប្រព័ន្ធអីនធឺណិតនៅកម្ពុជាផង និងដើម្បីសម្រួលប្រព័ន្ធអ៊ីនធឺណិតឲ្យកាន់តែមានភាពរលូនឱ្យពលរដ្ឋប្រើប្រាស់កាន់តែងាយស្រួល និងដើម្បីកុំឱ្យមានការគេចវេះការបង់ពន្ធជូនរដ្ឋ៕