លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ

ភ្នំពេញ៖ រដ្ឋាភិបាល បានទម្លាក់ហិរញ្ញប្បទានពិសេស៥០លានដុល្លារ ដល់សហគ្រាសធុនតូច និងមធ្យម (SME) សម្រាប់យកទៅវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា។ ថវិកាទាំងនេះ រដ្ឋភិបាលផ្ដល់តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ(RDB)។

ថ្លែងក្នុងសន្និសីទកាសែត ស្តីពីហិរញ្ញប្បទានរដ្ឋាភិបាល នៅថ្ងៃទី១៦ មីនានេះ លោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បាននិយាយថា ថវិកា៥០លានដុល្លារនេះ គឺអាចផ្ដល់កម្ចីឱ្យគ្រប់សហគ្រាស ដែលដាក់ពាក្យស្នើសុំទាំងអស់ បាន៣០ម៉ឺនដុល្លារ ក្នុងមួយស្ថាប័ន នៃអត្រាការប្រាក់៦ភាគរយ។

ចំពោះរយៈពេលនៃការខ្ចី សម្រាប់ទុនបង្វិល គឺត្រូវសងត្រឡប់មិនលើស២ឆ្នាំ និងទុនវិនិយោគ សងមិនលើសពី៥ឆ្នាំទេ។ នេះជាការបញ្ជាក់របស់លោក កៅ ថាច។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានពិសេស ដែលមានទឹកប្រាក់រហូតដល់ ៥០លានដុល្លារ តាមរយៈធនាគារអភិវឌ្ឍជនបទ (RDB) ដើម្បីផ្តល់កម្ចីមានការប្រាក់ទាប ដល់សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកែច្នៃផលិតផលកិសកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម ដែលមានដូចជាការដាំបន្លែ ការចិញ្ចឹមសត្វ និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ក្នុងគោលដៅបង្កើតការងារបន្ថែម និងពង្រឹងភាពប្រកួតប្រជែង។ ពិសេសដើម្បីគ្រប់គ្រងផលប៉ះពាល់ ពីជំងឺ Covid-19 និងការព្យួរភាពអនុគ្រោះពន្ធ EBA។

កន្លងមកសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានស្នើសុំថវិកាពីរដ្ឋាភិបាល៨០លានដុល្លារ ដើម្បីទុកទិញស្រូវនារដូវប្រមូលផលនាពេលខាងមុខ។ សំណើនេះត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំរវាងប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ា សុង សារ៉ន និងលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១១ មីនានេះ។

លោក សុង សារ៉ន បានស្នើរដ្ឋាភិបាលតាមរយៈធនាគារអភិវឌ្ឍន៍ជនបទ សុំឲ្យរក្សារទុកកញ្ចប់ថវិកាពិសេស៥០លានដុល្លារ របស់រាជរដ្ឋាភិបាល សម្រាប់ទិញស្រូវ (ស្រូវសែនក្រអូប) នារដូវប្រមូលផលជុំទី១ខាងមុខ និងថវិកាបន្ថែម៣០លានដុល្លារសម្រាប់ប្រមូលផលស្រូវជុំទីពីរ លើស្រូវពពួកផ្ការំដួល រំដេង រមៀត សូម៉ាលីជាដើម ។ ជាពិសេសស្នើសុំឱ្យរដ្ឋាភិបាលបន្ថែមរយៈពេលបង្វិលសងត្រឡប់ពី៦ខែទៅ១២ខែផងដែរ។ សំណើសុំថវិកានេះ គឺសម្រាប់ត្រៀមទិញស្រូវរដូវកាលឆ្នាំ២០២០-២០២១៕