នៅក្នុងអនុក្រឹត្យមួយដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែតុលា ឆ្នាំ២០១៨នេះ បញ្ជាក់ថា សហគ្រាសធុនតូចនិងមធ្យម នឹងត្រូវរួចពន្ធលើកប្រាក់ចំណូលក្នុងរយៈពេលពី៣ទៅ៥ឆ្នាំ ។

រដ្ឋាភិបាលបញ្ជាក់ថា អនុក្រឹត្យលើកលែងពន្ធនេះ គឺផ្ដោតទៅលើសហគ្រាសធុនតូចដែលមានប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី២៥០លានរៀល ទៅ៧០០លានរៀល និងមានបុគ្គលិកចាប់ពី១០ទៅ៥០នាក់ និងសហគ្រាសធុនមធ្យម ដែលមានប្រាក់ចំណូលប្រចាំឆ្នាំចាប់ពី៧០០លានរៀល ទៅ៤០០០លានរៀល និងមានបុគ្គលិកចាប់ពី៥១ទៅ១០០នាក់។

នៅក្នុងអនុក្រឹត្យបញ្ជាក់ថា ការសម្រេចលើកលែងពន្ធនេះ មានបំណងលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យម បង្កើតការងារ និងដើម្បីបង្កើនផលិតកម្មនៅក្នុងស្រុក។ អនុក្រឹត្តដដែលអះអាងថា វិស័យអាទិភាពដែលទទួលបានការកំណត់នេះ ដូចជា ផលិតផលកសិកម្មឬកសិ-ឧស្សាហកម្ម ការផលិតនិងកែច្នៃម្ហូបអាហារ កម្មន្តសាលដែលផលិតទំនិញប្រើប្រាស់ កែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ជាដើម៕