លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា ក្រសួង អប់រំ គ្រោងនឹងចំណាយថវិកាជាតិសរុបចំនួន ២.៩៨០លានរៀន (ជាង ៧២ម៉ឺន​ដុល្លារ) ទៅដល់៤០សហព័ន្ធកីឡាជាតិ សម្រាប់គម្រោងអភិវឌ្ឍន៍វិស័យកីឡា នាឆ្នាំ ២០១៩ ខាងមុខ។ លោកមានប្រសាសន៍បែបនេះ នៅក្នុងឱកាសបើកការប្រកួត កីឡា និស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ សិក្សា២០១៨។

លោករដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា ក្រសួងបានប្រតិភូកម្ម ការងារ និងគាំទ្រថវិកាដល់ សហព័ន្ធកីឡាជាតិលើការងារ រដ្ឋបាល ២០ភាគរយ ការងារបណ្តុះបណ្តាល ៣៥ភាគរយ និងការចំណាយលើការរៀបចំព្រឹត្តិការណ៍ប្រកួត ៤៥ភាគរយ ដើម្បីពន្លឿនការអភិវឌ្ឍឆ្ពោះទៅទទួល​ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ កីឡាថ្នាក់តំបន់អាស៊ានស៊ីហ្គេមលើកទី៣២ នាឆ្នាំ២០២៣ ខាងមុខ។

ជុំវិញការចំណាយថវិកាជាតិសម្រាប់វិស័យកីឡានេះ កាលពីឆ្នាំ២០១៧ ក្រសួងបាន ចំណាយថវិកាចំនួន ១.៦៧០លានរៀល ដល់សហព័ន្ធកីឡាជាតិនានាចំនួន២១។ ការផ្តល់កញ្ចប់ថវិកាសរុបទាំងអស់នេះតាមឆ្នាំនី​មួយៗ គឺត្រូវបានបែង ចែក ទៅតាមសហព័ន្ធជំនាញនីមួយៗ ដោយសហព័ន្ធបានរៀបចំការងារទាំង៣ គឺការងាររដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួតដោយខ្លួនឯង ៕