ភ្នំពេញ៖ តាមផែនការ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹង​ចំណាយសរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣​លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយនេះ​មានប្រ​មាណ​២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ​២០១៩។ រដ្ឋសភាអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០២០នេះ នៅក្នុងសម័យប្រជុំពេញអង្គ ព្រឹកថ្ងៃទី ២៦ ខែ វិច្ឆិកា។

ការអនុម័តនេះ បានធ្វើឡើងដោយសំឡេង១០៨ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានកិច្ចប្រជុំពេញ​អង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អនុមតកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ហើយបញ្ជូនមកកាន់រដ្ឋសភា។

តាមផែនការ នៅក្នុងឆ្នាំ២០២០ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងចំណាយ​សរុបប្រមាណ ៣៣,៣៣៩,៦៣៣លានរៀល ដែលស្មើនឹងប្រមាណ ៨២២៣លាន​ដុល្លារសហរដ្ឋអាមេរិក សម្រាប់ការគ្រប់គ្រងរដ្ឋ។ គម្រោងចំណាយ​នេះមានប្រមាណ​២៨.០១% នៃ ផសស (GDP) និងកើនឡើង ២២.៧ភាគរយ បើធៀបនឹងឆ្នាំ២០១៩។

ក្នុងចំណោមគម្រោងចំណាយថវិកាជាតិជាង៨ពាន់លានដុល្លារសហរដ្ឋអាមេរិករបស់កម្ពុជា សម្រាប់ឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានទិសដៅជាយុទ្ធសាស្រ្ត កំណត់ចំណាយ​ថវិកាថ្នាក់ជាតិឲ្យស្ថិតក្នុងកម្រិតចំនួន ៣១,០៩៥,៨៥៥លានរៀល ដែលស្មើនឹង​ប្រមា​ណ​ជាង៧៦០០លានដុល្លារ ត្រូវជា២៦,១២% នៃផសស កើនឡើង​២០,៧%​ បើធៀប​នឹងច្បាប់ឆ្នាំ២០១៩ ដែលក្នុងនោះចំណាយចរន្តថ្នាក់ជាតិ មានចំនួន ១៨,០៣៦​,៨៨៤​លានរៀល (ប្រមាណ៤៤៥៩លានដុល្លារ) និងចំណាយមូលធនថ្នាក់ជាតិ មានចំនួន ១៣,០៥៨,៩៧១លានរៀល (៣២០០លានដុល្លារ)៕