ភ្នំពេញ៖ រដ្ឋាភិបាល​គ្រោងចំណាយ​ថវិកា១លាន៣សែនដុល្លារ សម្រាប់ធ្វើអង្កេត​ចន្លោះជំរឿន​កសិកម្មនៅទូទាំងប្រទេស ដោយថាដើម្បីជួយកាត់បន្ថយ​ភាពក្រី​ក្រជូនប្រជាពលរដ្ឋរស់នៅតំបន់​ជនបទ។

ការអង្កេតនេះ នឹងធ្វើការប្រមូលទិន្នន័យដែលគ្របដណ្តប់ទៅលើវិស័យកសិម្មដូចជា ការធ្វើស្រែចំការ ដាំដំណាំ ចិញ្ចឹមសត្វ កៅស៊ូ កសិកម្មបែបពាណិជ្ជកម្ម កម្ចីហិ​រញ្ញវត្ថុខ្នាតតូច សម្រាប់វិនិយោគលើសកម្មភាពកសិកម្មទាំងលក្ខណៈគ្រួសារ និងក្រុមហ៊ុនជាដើម។

ផែនការគ្រោងចំណាយនេះ បានបង្ហាញនៅក្នុងសិក្ខាសាលាស្តីពីអ្នកផលិត អ្នកប្រើ​ប្រាស់ទិន្នន័យ និង​ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តន៍គម្រោងអង្កេត​ចន្លោះជំរឿន​កសិកម្មឆ្នាំ២០១៩ ជាមួយតំណាងអង្គការស្បៀង និងកសិកម្ម​នៃសហប្រ​ជាជាតិ ហៅកាត់ថា (FAO)។

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ផែនការ លោក ឆាយ ថន បានលើកឡើងថា ថវិកា​ដែលត្រូវចំណាយ​១លាន ៣សែនដុល្លារនោះ បានមក​ពីម្ចាស់ជំនួយ តំណាង​អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ ហៅកាត់ថា (FAO) និងដៃ​គូអភិវឌ្ឍន៍ផ្សេងទៀត រួមទាំងបដិភាគរបស់រដ្ឋាភិបាលជាដើម។


លោក Alexander Huynh តំណាង​(FAO) ប្រចាំកម្ពុជា មានប្រសាសន៍ថា នេះជាជំ​ហានមួយសម្រាប់ធ្វើឲ្យប្រសើរឡើងនៃស្ថិតិកសិកម្ម និងរួមចំណែកកាត់​បន្ថយភាពក្រី​ក្រនៅកម្ពុជា៕