ចាប់ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នេះតទៅ​ រដ្ឋាភិបាលកូរ៉េខាងត្បួង នឹងមិនអនុញ្ញាតឱ្យលក់កាហ្វេដល់សិស្សសាលាផឹកទៀតឡើយ ហើយការចេញច្បាប់ថ្មីនេះ គឺដើម្បីលើកស្ទួយទម្លាប់បរិភោគអាហារដែលមានសុខភាពល្អ។

មន្រ្តីនៅក្រសួងសុវត្ថិភាពថ្នាំពេទ្យនិងចំណីអាហារបាននិយាយថា ការចេញបម្រាមនេះ គឺដើម្បីបង្កើតឱ្យមានទម្លាប់បរិភោគអាហារមានសុខភាពនៅក្នុងចំណោមមនុស្សវ័យកុមារនិងពេញជំទង់ ហើយការងារនេះ នឹងត្រូវអនុវត្តឱ្យបានជោគជ័យជាកំហិត។

មន្រ្តីដដែលបន្តថា ការផឹកកាហ្វេអ៊ីនច្រើនពេកនឹងអាចបង្ករឱ្យមានអាការៈមួយចំនួន ដូចការវិលមុខ បេះដូងលោតញាប់ខុសពីធម្មតា រំខានដល់ដំណេក ធ្វើឱ្យប៉ះពាល់ប្រសៃប្រសាទ និងអាចធ្វើឱ្យប៉ះពាល់ដល់ការលូតលាស់ផ្នែកប្រាជ្ញាសា្មរតីនិងរាយកាយកុមារថែមទៀត ប្រសិនបើពួកគេនៅតែបន្តផឹកកាហ្វេជាប្រចាំ។

ការស្រាវជ្រាវមួយក្នុងឆ្នាំ២០១៥បង្ហាញថា កាហ្វេមួយគីឡូគឺមានផ្ទុកសារធាតុកាហ្វេអ៊ីនចំនួន៤៤៩.១គីឡូក្រាម ហើយធៀបទៅនឹងទឹកដោះគោសូកូឡា គឺកាហ្វេមានផ្ទុកកាហ្វេអ៊ីនច្រើនជិតពីរដង។ កាហ្វេអ៊ីន ត្រូវគេប្រើនៅក្នុងភេសជ្ជៈជាច្រើនប្រភេទ ដើម្បីធ្វើឱ្យអ្នកផឹកភេសជ្ជៈទាំងនោះ កើនមានថាមពលបណ្ដោះអាសន្នមួយនិងជំរុញដល់ផ្លូវអារម្មណ៍។ គេរកឃើញទៀតថា កាលពីឆ្នាំ២០១៧ ប្រជាជនកូរ៉េខាងត្បូង បានផឹកកាហ្វេអស់ជាង២៦ពាន់លានកែវ នេះមានន័យថា ប្រជាជនកូរ៉េម្នាក់ ផឹកកាហ្វេគិតជាធម្យម អស់ចំនួន៥១២កែវ៕

ប្រភព៖ Channel News Asia