រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន បានលើកឡើងថា ថ្វីត្បិតជាឆ្នាំមួយដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ក្ដី ប៉ុន្តែក្រសួងនៅតែបន្តរឹតបន្តឹងការប្រឡងសញ្ញាបត្របញ្ចប់ឆ្នាំសិក្សាបឋមភូមិនិងទុតិយភូមិដដែលដូចរាល់ឆ្នាំ ហើយលោកបញ្ជាក់ថា ថ្វីត្បិតសាលាត្រូវបានបិទអស់ជាច្រើនខែ ប៉ុន្តែក្រសួងបានទុកពេលវេលាគ្រប់គ្រានដើម្បីឱ្យសិស្សបានរៀនចប់តាមកម្មវិធីសិក្សា ដើម្បីឱ្យពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រឡងខាងមុខនេះ។

លោកថា៖«សារមួយសំខាន់របស់ខ្ញុំចង់ផ្តាំទៅប្អូនៗសិស្សានុសិស្សថា យើងមិនចង់ឲ្យមានការរើសអើងរវាងសិញ្ញាបត្រក្នុងឆ្នាំកូវីដនិងឆ្នាំមុនពេលកូវីដនោះទេ ។ ដូច្នេះ! ខ្ញុំសូមឲ្យគ្រឹះស្ថានអប់រំទាំងអស់អនុវត្តកម្មវិធីសិក្សាឲ្យបានពេញលេញ ហើយយើងក៏បានផ្ដល់រយៈពេល៣បន្ថែមទៀតដើម្បីឱ្យពួកគាត់រៀនបន្ថែមទៀត។ ប្រសិនបើក្នុងរយៈពេល៣ខែនេះ សិស្សបានរៀនម៉ត់ចត់និងម៉ឺងម៉ាត់ បូកនឹងការរៀននៅអនឡាញទៀត។ អ៊ីចឹង!គឺមានពេលគ្រប់គ្រាន់ដើម្បីមានសមត្ថភាពប្រឡងបាន។ អ្វីដែលយើងផ្ដល់ជូនពេលវេលាសិក្សាបន្ថែមនេះ គឺគ្រប់គ្រាន់សម្រាប់សិស្សក្នុងការរៀន» ។

លោកបានលើកឡើងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃទី១៩វិច្ឆិកានេះ ដើម្បីប្រកាសបើកសាលារៀននៅភ្នំពេញនិងទីរួមខេត្តកណ្ដាលដែលត្រូវបានបិទអស់រយៈពេល២សប្ដាហ៍មកនេះ ដោយសារជាប់ពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកា។លោក ហង់ជួន ណារ៉ុន បញ្ជាក់ថា ការរក្សានូវគោលជំហរឹតបន្តឹងការប្រឡងទាំងនេះ ពីព្រោះចង់ឲ្យសិស្សរបស់មានសមត្ថភាពខ្ពស់ទោះបីស្ថិតអំឡុងពេលកូវីដក៏ដោយ និងដើម្បីឱ្យពួកគេដែលប្រឡងចេញទៅអាចរកការងារធ្វើបាន និងអាចចេញទៅរៀនបន្តបាន ហើយមិនមានការរើសអើងសញ្ញាបត្រនៅក្នុងសង្គម៕

ដោយ៖ សុន មិនា