ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា កម្ពុជា អាចនឹងមាន​ការបិទមួយភូមិ ឬកន្លះភូមិ ប្រសិនបើរកឃើញតំបន់មានអ្នកឆ្លង​មេរោគកូវីដ១៩ច្រើន។ សម្តេចថ្លែងបែប​នេះ នៅក្នុងពិធីជួបជួបសំណេះសំណាល និងសួរសុខទុក្ខដោយ​ផ្ទាល់ជាមួយមន្ដ្រីនគរបាល អន្ដោប្រវេសន៍ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ព្រឹកថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២០។

សម្តេចថ្លែងដូច្នេះថា« បើសិនមានបញ្ហាអ្វី យើងត្រូវបិទ បិទមួយភូមិ ឬកន្លែងតាម​ការជាក់ស្តែង។ បើផ្ទះអ្នកឆ្លងនៅដាច់ដោយឡែក យើងបិទតែផ្ទះគាត់ តែបើនៅ​ជាប់ៗគ្នា គឺត្រូវតែបិទទាំងអស់ហើយ»។

សូមបញ្ជាក់ថា វីរុសកូវីដ-១៩ បានឆ្លងចូលកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ខណៈ​ដែលរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្នខ្ពស់  ចូលរួមថែរក្សានូវអនាម័យឲ្យបានល្អ និងអនុវត្តតាម​ការណែនាំរបស់ក្រសួងឲ្យបានត្រឹមត្រូវ។ បច្ចុប្បន្នអ្នកផ្ទុកជំងឺឆ្លងCOVID-19 នៅកម្ពុជា កើន​ឡើង​ជាង ១០០នាក់ ហើយ៕