លោក ប៉ាន សូរស័ក្តិ បានប្តេជ្ញាជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុកឲ្យបានច្រើន ដើម្បីកាត់បន្ថយការនាំចូលទំនិញពីបរទេស។

ការប្តេជ្ញារបស់លោករដ្ឋមន្រ្តីពាណិជ្ជកម្ម ប៉ាន សូរស័ក្តិ ធ្វើឡើងនៅក្នុងពិធីបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្ម ឆ្នាំ២០១៨ និងទិសដៅអនុវត្តន៍ការងារ ពាណិជ្ជកម្មឆ្នាំ២០១៩ កាលពីថ្ងៃទី២៤ ខែធ្នូ កន្លងទៅ។ លោក ក្រសួងបានកំណត់គោលដៅ ជាមួយសូចនាករច្បាស់លាស់ និងបានសហការជាមួយនឹងស្ថាប័នពាក់ព័ន្ធ ក្នុងការបង្កើតយន្តការអចិន្ត្រៃយ៍ សម្រាប់ជួយអន្តរាគមន៍ការគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកដល់ប្រជាពលរដ្ឋបន្ថែមទៀត ដើម្បីកាត់បន្ថយទំនិញនាំចូល។

លោករដ្ឋមន្ត្រី បញ្ជាក់បន្ថែមយ៉ាងនេះថា៖« ទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មក្នុងឆ្នាំ២០១៩ខាងមុខនេះ ត្រូវមានភាពបត់បែន និងរស់រវើក ដើម្បីឲ្យស្របតាមសភាពការណ៍សេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក សំដៅរក្សាស្ថិរភាពថ្លៃនៅក្នុងរដូវប្រមូលផលកសិកម្ម និង ទំនិញ ដែលយុទ្ធសាស្ត្រទប់ស្កាត់ផលប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាធានាស្ថិរភាពថ្លៃ និងរក្សាតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការទំនិញនៅលើទីផ្សារ»។

សូមបញ្ជាក់ថា  ឆ្នាំ២០១៨នេះ ការនាំចេញនាំចូលពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិមានតម្លៃសរុបជាង២៤ពាន់លានដុល្លារអាមេរិក កើនឡើងជាង១០ភាគរយ បើធៀបនឹងទឹកប្រាក់នាំចេញនាំចូលកាលពីឆ្នាំទៅ ក្នុងនោះតម្លៃ ទំនិញដែលកម្ពុជាចេញទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់សរុបជាង១១ពាន់លានដុល្លារ ខណៈទំនិញនាំចូលមានទឹកប្រាក់រហូតដល់១៣ពាន់លានដុល្លារ។ នេះបើតាមរបាយការណ៍របស់ក្រសូងពាណិជ្ជកម្ម៕