រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ចាប់ពីឆ្នាំ២០១៩ខាងមុខ កម្ពុជានឹងអាចផលិតបន្លែឱ្យបាន៦ម៉ឺនតោនក្នុងមួយឆ្នាំៗ ដើម្បីប្រើប្រាស់ក្នុងស្រុក។ ការថ្លែងនេះ ធ្វើឡើងក្នុងវេទិកាស្រូវអង្ករកម្ពុជា ថ្ងៃទី២២ មករា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា។

លោករដ្ឋមន្រ្តីបន្តថា កន្លងមក កសិករខ្លះ បាននឿយណាយក្នុងការដាំបន្លែដោយប្រើប្រាស់កម្លាំង ដោយសារក្រសួងមិនទាន់បានបញ្ចូលបច្ចេកវិទ្យាទំនើបនៃការដាំដុះបន្លែ។ ប៉ុន្តែលោកថា បច្ចុប្បន្ន ក្រសួងមានផែនការគាំទ្រតាមរយៈការឧបត្ថម្ភទុន និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធជូនកសិករជាច្រើន ដូចជារៀបចំប្រព័ន្ធស្រោចស្រប ប្រព័ន្ធការពារសំណើមដីនិងស្មៅ និងវិធីសាស្រ្ដកំចាត់សត្វល្អិត ហើយមន្ទីរកសិកម្មនៅតាមខេត្ត ក៏កំពុងរកទីផ្សារឱ្យបានច្រើនជាងដែរ។

ជុំវិញការផ្គត់ផ្គង់បន្លែក្នុងស្រុកមិនទាន់គ្រប់នេះ ប្រជាពលរដ្ឋកំពុងព្រួយបារម្ភអំពីបញ្ហាសុខភាពដោយសារបន្លែមានលក់នៅទីផ្សារភាគច្រើន គឺមានផ្ទុកសារជាតិគីមី ស្របពេលដើម្បីបង្គ្រប់ទីផ្សារបន្លែរបស់ខ្លួន គឺកម្ពុជា បានពឹងផ្អែកលើការនាំចូលបន្លែពីប្រទេសវៀតណាម និងថៃ។ ពាក់ព័ន្ធនឹងបញ្ហានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏ធ្លាប់បានប្រទូសពលរដ្ឋណា ដែលនាំគ្នាទៅទិញបន្លែគីមីមកបរិភោគ តែបែរជាមករិះគន់រដ្ឋាភិបាលរបស់ខ្លួន ដែលលោកថា ពលរដ្ឋទាំងនោះ គួរតែចេះមើលនិងទិញបន្លែណា ដែលគ្មានជាតិគីមី។ លោកក៏បានអំពាវនាវ ឱ្យពលរដ្ឋនាំគ្នាធ្វើពហិកាមិនទិញបន្លែគីមី នោះនាពេល កម្ពុជានឹងលែងមានបន្លែគីមីលក់ទៀតហើយ។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្មបញ្ជាក់ថា ផែនការផលិតស្រូវពូជឱ្យបាន១ម៉ឺន៥ពាន់តោន និងបន្លែ៦ម៉ឺនតោន នៅឆ្នាំ២០១៩ខាងមុខនេះ ក្រសួងនឹងប្រើប្រាស់ថវិកាអស់ ចំនួន៣០លានដុល្លារសហរដ្ឋអាមេរិក៕