លោក ភីធើ ស៊ីចាតូ(Péter Szijjártó) បានសរសេរបង្ហោះតាមហ្វេសប៊ុកនៅថ្ងៃសុក្រនេះថា បានធ្វើតេស្ដអវិជ្ជមានជំងឺកូវីដ១៩ហើយ បន្ទាប់ពីលោកបានឆ្លងកាត់រយៈពេលវែងនិងពិបាកបំផុតក្នុងរយៈពេល១៧ថ្ងៃនៃជីវិត ហើយនៅថ្ងៃនេះ លោកអាចជួបជាមួយភរិយា និងកូនៗរបស់លោកវិញ។

លោកបានសរសេរថា៖«វាបានបញ្ចប់​​ហើយ។ ការធ្វើតេស្តរបស់ខ្ញុំសម្រាប់ថ្ងៃនេះគឺអវិជ្ជមាន។​ ខ្ញុំទទួលបានក្តីស្រលាញ់ជាច្រើនក្នុងរយៈពេល ២ សប្តាហ៍កន្លះចុងក្រោយដែលផ្តល់កំលាំងចិត្តដល់ខ្ញុំ។ នេះគឺជាវីរុសកាចសាហាវនិងគួរឱ្យស្អប់។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គេចផុតពីជំងឺនេះដោយអស់ពីដួងចិត្ត និងថែរក្សាខ្លួន»។



លោក ភីធើ ស៊ីចាតូ បានធ្វើតេស្ដវិជ្ជមានជំងឺកូវីដ១៩នៅថ្ងៃទី៤វិច្ឆិកាក្នុងប្រទេសថៃ គឺមួយថ្ងៃបន្ទាប់ពីលោកបានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានជួបជាមួយមេដឹកនាំកម្ពុជាជាច្រើនរូប។

ក្រសួងសុខាភិបាលកម្ពុជាបានអះអាងថា មានមនុស្ស៤នាក់ដែលប៉ះពាល់ជាមួយរដ្ឋមន្រ្តីការបរទេសហុងគ្រីនេះ ត្រូវបានធ្វើតេស្ដវិជ្ជមាន ខណៈមនុស្សជាង១ពាន់នាក់ផ្សេងទៀត ត្រូវបានធ្វើចត្តាឡីស័ក ក្នុងនោះក៏មាននាយករដ្ឋមន្រ្តីកម្ពុជាដែរ៕