លោក វេង សាខុន បានទទួលជួបលោកស្រី បុយ ធីធឿម ជាប្រធានសមាគមកសិករវៀតណាមថ្នាក់មជ្ឈឹម និងប្រធានសមាគមកសិករប្រចាំខេត្តទាំង ៥ នៅជាប់ព្រំដែនដូចជាខេត្តអាងយ៉ាង គៀងយ៉ាង ដុង ផាត់ តាយ និញ និងខេត្តឡុង អាន។ ជំនួបនេះមានគោលបំណងពង្រីង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម រួមទាំងប្រធានបទផ្សេងៗទៀត។

តាមរយ: ដំណើរទស្សនកិច្ចរបស់លោកស្រី និងគណប្រតិភូអមដំណើរនាថ្ងៃនេះ លោក វេង សាខុន បានអរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាម ដែលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជាជារួម និងដោយឡែកការអភិវឌ្ឍវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរបានចូលរួមចំណែកធ្វើឱ្យវិស័យនេះមានការរីកចម្រើនគួរឲ្យមោទនភាព ពិសេសលើផលិតកម្មស្រូវ ដំណាំកសិឧស្សាហកម្ម និងការធ្វើកសិពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោករដ្ឋមន្រ្តីសង្ឃឹមថា រដ្ឋាភិបាលវៀតណាមនឹងបន្តជួយអភិវឌ្ឍវិស័យកសិកម្មបន្ថែមទៀត ជាពិសេសជួយដល់វិស័យកសិពាណិជ្ជកម្មនៅតាមខ្សែបន្ទាត់ព្រំដែននៃប្រទេសទាំងពីរដោយផ្តោតជាសំខាន់់លើលំហូរកសិផលកម្ពុជាចូលក្នុងទីផ្សារវៀតណាមដូចជាស្រូវ ដំឡូង ស្វាយ ស្វាយចន្ទី ពោត ម្រេច ជាដើម។ លោកបានបញ្ជាក់បន្ថែមថា ដោយសារកិច្ចសហប្រតិបត្តិការ និងជាពិសេសកិច្ចអន្តរាគមន៍បានទាន់ពេលវេលាពីរដ្ឋាភិបាលវៀតណា កន្លងមកបានធ្វើឲ្យស្រូវរក្សាតម្លៃបានសមរម្យ។ ម៉្យាងទៀតការនាំចេញកសិផលកម្ពុជាដូចជាស្វាយ ដំឡូង ស្វាយចន្ទី ទៅកាន់ទីផ្សារវៀតណាមមានការកើនឡើងគួរឲ្យចាប់អារម្មណ៍។