លោករដ្ឋមន្រ្តីក្រសួងកសិកម្ម វេង សាខុន បានធ្វើដំណើរមកកាន់ភូមិសោយ ឃុំមៀន ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដើម្បីចុះមកពិនិត្យសកម្មភាពយកសំណាកឈាមជ្រូកមកធ្វើតេស្តវិភាគរកមេរោគជំងឺប៉េស្តជ្រូកអាហ្រ្វិករបស់មន្រ្តីបសុព្យាបាល។ ក្នុងដំណើររបស់លោកទៅកាន់ទីនោះ នៅថ្ងៃទី ១៤ ខែកក្កដា លោកក៏បានសន្យា ផ្តល់ពូជកូនជ្រូក​ថ្មី​ដល់កសិករ​ដែលរងគ្រោះផងដែរ។

បើតាមហ្វេសប៊ុកផ្លូវការលោក វេង សាខុន មន្រ្តីបសុព្យាបាលបានរាយការណ៍ជូនលោកថា នៅភូមិសោយ និងភូមិកំពូលសេរីនៃឃុំមៀន ដែលជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្រ្វិកកាលពីថ្ងៃទី ២៣ ខែមិថុនា ដោយគិតត្រឹមថ្ងៃទី១៣ ខែកក្កដា ជ្រូកងាប់ ៩៣ ក្បាលក្នុងចំណោមជ្រូកសរុប ៦៨២ក្បាលរបស់កសិករសរុប ៥៨គ្រួសារ។ ការងារបច្ចេកទេសសំខាន់ៗ ត្រូវបានអនុវត្តជា បណ្តើរៗដូចជាការធ្វើជីវសុវត្ថិភាព ការផ្សព្វផ្សាយ ការកំណត់តំបន់ផ្ទុះជំងឺ និងការធ្វើចត្តាឡីស័ក។អគ្គនាយកដ្ឋានផលិតកម្មសត្វ និងសុខភាពសត្វ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត នឹងនៅបន្តដោះស្រាយបញ្ហាជូនប្រជាជន ធ្វើយ៉ាងណាឲ្យពួកគាត់អាចលក់ជ្រូកដែលមានសុខភាពល្អ មិនឆ្លងជំងឺបន្ទាប់ពីបានធ្វើតេស្តឈាមរួច។

លោករដ្ឋមន្រ្តី វេង សាខុន បានស្នើឲ្យម្ចាស់សត្វចូលរួមសហការអនុវត្តវិធានបច្ចេកទេសដែលមន្រ្តីជំនាញបានណែនាំឲ្យបានហ្មត់ចត់ និងត្រឹមត្រូវបង្កាទប់ស្កាត់ការរាល់ឆ្លងជំងឺនេះ។ លោក ក៏បានស្នើឲ្យមន្ទីរ សហការជាមួយមន្រ្តី បសុព្យាបាលចេញវិញ្ញាបនបត្របញ្ជាក់សុខភាពសត្វឲ្យម្ចាស់សត្វឲ្យបានទាន់ពេលវេលា ហើយបានសន្យាថា នឹងផ្តល់ពូជជាកូនជ្រូកថ្មីដល់គ្រួសារកសិករដែលទទួលផលប៉ះពាល់កន្លងមក ដើម្បីមានលទ្ធភាពធ្វើការស្តារឡើងវិញលើការចិញ្ចឹមឡើងវិញរបស់ពួកគាត់ នៅពេលអគ្គនាយកដ្ឋានបានពិនិត្យឃើញថា ទីតាំងដែលបានប៉ះពាល់នោះបានត្រឡប់មកភាពប្រក្រតីវិញហើយនោះ។