លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានអំពាវនាវឲ្យវិស័យឯកជនដែលមានលទ្ធភាព ពិនិត្យនិងពិចារណាវិនិយោគក្នុងវិស័យកសិកម្ម ជាពិសេសលើការកែច្នៃ វេចខ្ចប់កសិផលថែមទៀត។ លោកថា ការធ្វើបែបនេះ ដើម្បីរួមគ្នាកាត់បន្ថយការនាំចេញវត្ថុធាតុដើម ដែលនេះជាកត្តាមួយដ៏សំខាន់ក្នុងការបង្កើនតម្លៃបន្ថែម បង្កើតការងារ និងលើកកម្ពស់ជីវភាពរស់នៅ។

ការអំពាវនេាវរបស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបែបនេះ បានធ្វើឡើង នៅពេលដែលលោកធ្វើជាអធិបតីក្នុងពិធីសម្ពោធរោងចក្រវេចខ្ចប់ និងនាំចេញផ្លែចេកអំបូងលឿងស្រស់របស់ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក ទៅកាន់ទីផ្សារប្រទេសចិនដែលមានទីតាំងស្ថិតនៅស្រុកឈូក ខេត្តកំពត កាលពីថ្ងៃទី ១០ ខែឧសភា។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឡង មេត អេហ្រ្គីខលឈ័រ ឯ.ក មានលោក ឧកញ៉ា ផែ ហុកឈួន ជាអគ្គនាយក បានដាំរចេកលើផ្ទៃដីសរុប១,០០០ហត ដែលត្រូវប្រើប្រាស់ទុនវិនិយោគជាង៣២លានដុល្លារ។ បច្ចុប្បន្ន ផ្ទៃដីជាង៤០០ហត កំពុងប្រមូលផល វេចខ្ចប់ និងដំណើរការនាំចេញដោយសង្ឃឹមថាក្នុងឆ្នាំ២០១៩ ចេកស្រស់ប្រមាណជាង ២,២ម៉ឺនតោន នឹងត្រូវធ្វើការនាំចេញ ហើយឆ្នាំ២០២០ រំពឹងថាបរិមាណនេះនឹងកើនឡើងដល់ជាង ៣ម៉ឺនតោន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនបានស្រូបយកកំលាំងពលកម្មក្នុងស្រុកជាង៨០០នាក់ ហើយឆ្នាំ២០២០ ត្រូវការពលកម្មបន្ថែមជាង១០០០នាក់ទៀតផងដែរ។