
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ដោយសារគោលនយោបាយឈ្នះឈ្នះ គឺនៅចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបោះជំហានដើរចេញពីប្រទេសអសន្តិសុខស្បៀងទៅជាប្រទេសផលិតស្បៀងបានគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុក និងបានឈានជាជំហានៗទៅជាប្រទេសផលិតស្បៀងលើសពីសេចក្តីត្រូវការនៅឆ្នាំ២០០០។
លោក វេង សាខុន បានសរសេរបង្ហោះនៅលើហ្វេសប៊ុកនៅថ្ងៃទី៩ធ្នូនេះថា ១០ឆ្នាំក្រោយមកគឺនៅក្នុងឆ្នាំ២០១០ កម្ពុជាក៏បានក្លាយជាប្រទេសនាំស្បៀងចេញ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
លោកបានសរសេរយ៉ាងដូច្នេះថា៖«ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមសហការជាមួយភាគីពាក់ព័ន្ធ អនុវត្តគោលនយោបាយនេះបានយ៉ាងខ្ជាប់ខ្ជួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើយ៉ាងណាសម្រេចឲ្យបានតាមផែនការដែលបានដាក់ចេញ។ ជាក់ស្តែងសមិទ្ធផលដែលកម្ពុជាសម្រេចបាននៅឆ្នាំ២០២០កន្លងទៅថ្មីៗនេះគឺអង្ករចំនួនជាង ៦៩០ ០០០តោន និងស្រូវចំនួនជាង ២ ៨០០ ០០០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ»។
រដ្ឋមន្រ្តីរូបនេះបញ្ជាក់ទៀតថា កម្ពុជាកំពុងនាំចេញកសិផលសំខាន់ៗមួយចំនួនទៀត ដូចជាផ្លែស្វាយស្រស់ និងកែច្នៃ ផ្លែចេកស្រស់ គ្រាប់ស្វាយចន្ទីស្រស់ និងកែច្នៃ ដំឡូងមីស្រស់ និងក្រៀម មានប៉ៃលិនស្រស់ ហើយក្រសួងនៅតែបន្តសហការយ៉ាងជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធក្នុងការរៀបចំផែនការ ជំរុញកំណើនកសិកម្ម រួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ តាមរយ:ការដាក់ចេញនូវគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣។
ផែនការពីឆ្នាំ២០១៩និងឆ្នាំ២០២៣ គឺមានគោលដៅសំខាន់ ដើម្បីប្រែក្លាយកសិកម្មកម្ពុជាទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង ធន់នឹងការប្រែប្រួលអាកាសធាតុ និរន្តរភាព បង្កើនប្រាក់ចំណូល ធានាបានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងនវានុវត្តន៍ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ដោយចីរភាពតាមអភិក្រម ព្រមទាំងលើកកម្ពស់ការធ្វើយន្តូបនីយកម្មកសិកម្ម ពិពិធភាវូបនីយកម្មកសិកម្ម និងកសិ-ពាណិជ្ជកម្ម ធ្វើយ៉ាងណាសម្រេចឲ្យបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០និង២០៥០។
លោក វេង សាខុន អះអាងថា បច្ចុប្បន្ន គ្រឿងយន្តកសិកម្មបានចូលខ្លួនមកបម្រើឲ្យវិស័យកសិកម្មជំនួសឲ្យកំលាំងពលកម្មមនុស្ស និងសត្វពាហន:ស្ទើរតែទាំងស្រុង ជាពិសេសលើផ្នែកផលិតកម្មដំណាំស្រូវ និង ដំណាំកសិ-ឧស្សាហកម្ម។ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មចេញផ្សាយនៅថ្ងៃ៨មកនេះ បង្ហាញថា បច្ចុប្បន្ន កម្ពុជាមានត្រាក់ទ័រចំនួន ៣២ ០៩៤គ្រឿង គោយន្តចំនួន ៤៩៨ ១១៩គ្រឿង និងម៉ាស៊ីនប្រមូលផលស្រូវមានចំនួន ៦ ៧៩៦គ្រឿង ដែលកំពុងបំពេញការងារយ៉ាងសកម្មក្នុងការរៀបចំដីស្រែ ដីចំការ និងប្រមូលផលស្រូវ ហើយនិងគ្រឿងយន្តបម្រើឲ្យការងារសាកវប្បកម្ម។
ជាក់ស្តែង ផ្ទៃដីភ្ជួររាស់ដោយគ្រឿងយន្តមានចំនួន៣លាន៣សែនហិកតាស្មើនឹង ៩៩,១៤% នៃផ្ទៃដីដែលបានភ្ជួររាស់សរុប ក្នុងនោះផ្ទៃដីស្រែប្រមាណជា ៨៥,៤០% ត្រូវបានប្រមូលផលដោយប្រើម៉ាស៊ីច្រូត៕