លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់សារព័ត៌​មាន​ខ្មែរណាស់នៅថ្ងៃអង្គារ៌ទី២៤វិច្ឆិកានេះថា ស្រូវមួយចំនួនរបស់កសិករដែលខូចគុណភាព​ដោយសារទទួលផលប៉ះពាល់ពីគ្រោះទឹកជំនន់ គឺឈ្មួញមិនអាចទិញក្នុងតម្លៃសមរម្យដូច​ទៅនឹងស្រូវដែលមានគុណភាពល្អនោះទេ ព្រោះពួកគេគឺជារកស៊ីដែលត្រូវគិតអំពីផលចំណេញ។

លោកថា៖«ក្នុងស្ថានភាពដែលទិន្នផលស្រូវរបស់កសិករជួបបញ្ហា ដោយមានការជាំទឹក គ្រាប់​ស្រូវខ្មៅខូចគុណភាពបែបនេះ ហើយលក់បានក្នុងតម្លៃទាបជាងមុនបន្តិចមែន។ កសិករត្រូវមានការយោគយល់ចំពោះអ្នកទិញ។ បើស្រូវខូចគុភាពភាពអ៊ីចឹង! ដល់គ្នា​(ឈ្មួញ)ទិញទៅវាខាតគ្នា មិនដឹងរកស៊ីរបៀបមេចដែរ»។

ការលើកឡើងរបស់រដ្ឋមន្រ្តីកសិករនេះ បានធ្វើឡើងស្របពេលកសិករមួយចំនួនកំពុងត្អួញ​ត្អែរអំពីតម្លៃស្រូវរបស់ពួកគាត់ដែលអាចលក់បានថោក ក្រោយពីត្រូវខូចគុណភាពដោយសារគ្រោះទឹកជំនន់។ 

លោក អ៊ិត អេង កសិកររស់នៅភូមិពោធិ៍ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បាន​លើកឡើងថា លោកមានផ្ទៃដីដាំស្រូវចំនួន៧ហិកតា ដោយក្នុង១ហិកតា លោកបានចំណាយទុនសម្រាប់ការភ្ជួររាស់ និងការមើលថែផ្សេងទៀតអស់ប្រមាណ៦០ម៉ឺនរៀល។

លោកបន្តថា នៅរៀងរាល់ឆ្នាំដែលស្រូវមិនទទួលរងផលប៉ះពាល់ពីគ្រោះទឹកជំនន់ គឺលោកអាចទទួលបានទិន្នផលពី១៤ទៅ១៥តោនក្នុងផ្ទៃដីសរុប៧ហិកតា ហើយអាចទទួលបានប្រាក់​ចំណូល១០លានរៀល បន្ទាប់ពីទូទាត់លើការចំណាយផ្សេងៗ ដោយសារស្រូវផ្កាម្លិះក្រហម​អាចលក់បាន១៥០០រៀលក្នុងមួយគីឡូ និងស្រូវធ្ងន់ធម្មតាលក់បាន​ពី១០៥០​រៀលដល់១១០០រៀល។

ប៉ុន្តែលោកថា ក្នុងឆ្នាំនេះតម្លៃស្រូវបានធ្លាក់ថ្លៃស្ទើរតែពាក់កណ្តាល ដោយសារតែស្រូវរបស់លោក បានរងផលប៉ះពាល់ដោយសារទឹកជំនន់ បណ្តាលឲ្យខូចគុណភាព ហើយឈ្មួញបានបញ្ជាទិញស្រូវរបស់លោកក្នុងតម្លៃថោកខ្លាំងជាងរាល់ឆ្នាំ។

លោកថា៖«ស្រូវរបស់ខ្ញុំក្រោយទឹកជំនន់ ខ្លះខូច ខ្ញុំអត់ដឹងតួរលេខច្បាស់ទេ ប៉ុន្តែខ្ញុំអាចប្រមូលផលបានសល់ត្រឹមតែជាង១តោនតែប៉ុណ្ណោះក្នុងមួយហិកតា។ ស្រួវរបស់ខ្ញុំដែលនៅ​សល់ហ្នឹង ក្រោយពេលទឹកជំនន់នេះ។ វាដក់ទឹកធ្វើឲ្យស្រួវខ្ញុំជាំខ្មៅលក់មិនបានថ្លៃទេ។ គេឲ្យមួយគីឡូបានតែ៨រយរៀលហ្នឹង ធ្លាប់តែឆ្នាំទៅ បានជាង១០០០រៀលសម្រាប់ស្រូវផ្កាម្លិះក្រហមហើយស្រូវផ្ការំដួលចុះមកត្រឹម៨០០រយរៀលអីទេ មិនបានថ្លៃដូចឆ្នាំទៅទេ»។

លោកអះអាងទៀតថា ស្រូវខ្លះដែលមិនបានលិចទឹកទេ ក៏ត្រូវបានឈ្មួញឲ្យតម្លៃថោកដែរ ដែលលោកយល់ឃើញថា ប្រហែលក្រុមឈ្មួញឆ្លៀតពេលទឹកជំនន់ ដើម្បីយកលេសទិញស្រូវល្អក្នុងតម្លៃថោកយកកេងចំណេញ។

កសិកររូបនេះបញ្ជាក់ថា ក្នុងរបរធ្វើស្រែនេះ លោកពុំមានលទ្ធភាពក្នុងការចំណាយផ្សេងៗដោយខ្លួនឡើយ ពោលគឺបានទៅខ្ចីលុយពីធនាគារបន្ថែមសម្រាប់ធ្វើជាដើមទុន។ លោកបានខ្ចីប្រាក់ធនាគារចំនួន៥ពាន់ដុល្លារ និងបង់ត្រឡប់ទៅវិញចំនួន៥០០ដុល្លាក្នុងមួយ​ខែក៏ប៉ុន្តែបន្ទាប់ពីស្រូវលក់បានថោក គឺបានធ្វើឱ្យលោកកាន់តែព្រួយបារម្ភអំពីលទ្ធភាពគ្មានប្រាក់សងទៅធនាគារទៀត។



ចំណែកកសិករម្នាក់ទៀតឈ្មោះ ដេវ ស៊ីនី បានលើឡើងថា ឈ្មួញបានទិញស្រូវពីពួកគាត់ក្នុង​តម្លៃថោកគឺពី៧០០រៀលទៅ៨០០រៀលក្នុងមួយគីឡូ ដែលផ្ទុយពីឆ្នាំមុនដែលមានតម្លៃ​ពី​១០៥០រៀល ទៅដល់១១០០រៀលក្នុងមួយគីឡូ ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា( CCFC )បានលើកឡើងថា រាជរដ្ឋាភិបាលគួរតែមានការគាំពារដោយផ្តល់ហិរញ្ញប្បទានណាមួយដល់ក្រុមហ៊ុន ក៏ដូចជារោងម៉ាស៊ីនកិនស្រូវ និងសហគ្រាសដែលនាំអង្ករចេញ ដើម្បីជួយទិញស្រូវពីកសិករដែលរងគ្រោះក្រោយទឹកជំនន់ក្នុងតម្លៃឱ្យបានសមរម្យ។

លោកថា៖«ប្រសិនបើរដ្ឋាភិបាលមិនយកចិត្តទុកដាក់ជួយដល់កសិករលើបញ្ហានេះទេ នោះ​វានឹងធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តរបស់ពលរដ្ឋក្នុងការប្រកបរបរដាំដុះកសិកម្មរបស់ពួក​គេ​»​។

ប៉ុន្តែ វេង សាខុន បានអះអាងថា ការបញ្ចេញថវិកាដើម្បីជួយទិញស្រូវពីកសិករក្នុងតម្លៃ​សម​រម្យនោះ គឺជាគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងធនាគារអភិ​វឌ្ឃន៍​ជនបទ ហើយក្រសួងកសិកម្មបានត្រឹមជួយផ្តល់ពូជស្រូវជូនកសិករប៉ុណ្ណោះ និងមិន​មែន​ជាអ្នកកាន់លុយទៅទិញស្រូវពីកសិករនោះទេ។

ជុំវិញបញ្ហានេះ លោក មាស សុខសេនសាន មន្រ្តីនាំពាក្យក្រសួងសេដ្ឋកិច្ចបានជំរុញឱ្យទៅសួរខាងសហព័ន្ធស្រូវអង្ករវិញ។

លោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករ បានបញ្ជាក់ថាកន្លងមក រាជរដ្ឋា​ភិ​បាល​បានជួយកញ្ចប់ថវិកាម្តងហើយកាលពីអំឡុងប្រមូលផលស្រួវស្រាលរបស់កសិករ ហើយ​លើកនេះជាការខូចខាតរបស់កសិករស្រូវធ្ងន់មួយដំណាក់កាលទៀត ។

លោកថា៖«ដូច្នេះស្រូវរបស់ពួកគាត់ត្រូវទុកសម្ងួតវាឲ្យស្ងួតសិនចាំយកទៅលក់បន្តទៀតនៅពេលក្រោយ គឺបានក្នុងតម្លៃមួយសមរម្យជាងលក់ភ្លាម។ ហើយចំណុចនេះត្រួវមានការយោគយល់ពីសំណាក់កសិករ ប្រសិនបើស្រូវពួកគាត់ខូចគុណភាពដែរ គ្នាយកទៅក៏ពិបាកដែរ។ ហើយមិនអាចបញ្ជាទិញក្នុងពេលតែមួយក្នុងទំហំរាប់លានតោនទេ ពីព្រោះជំនួយរបស់រដ្ឋាភិបាលលើកមុនហ្នឹង រោងម៉ាស៊ីនទិញយកទៅសម្ងួត ហើយឡសម្ងួតហ្នឹងគ្នាពេញអស់ហើយ។ ដូច្នេះត្រូវមានការយោគយល់ពីសំណាក់កសិករ ហើយប្រសិនបើគ្នាទិញស្រូវខូចគុណភាពជាច្រើនក្នុងពេលតែមួយដោយពុំមានឡសម្ងួតគ្រប់គ្រន់ យកទៅខូចដដែល គ្នានឹងខាតរាប់លានដុល្លារដែរ»។

ប៉ុន្តែកាលពីពេលថ្មីៗនេះ កសិករនៅខេត្តព្រៃវែងនិងព្រះវិហារក៏ទើបត្អួញត្អែរថា ថ្វីត្បិតស្រូវពួកគាត់មិនបានខូចគុណភាព ក៏ត្រូវបានឈ្មួញឱ្យតម្លៃថោកជាងទីផ្សារដែរ ហើយកន្លែងខ្លះទៀត ដែលមានស្រូវសម្រាប់លក់ហើយ ប៉ុន្តែបែរពិបាកដោយសារគ្មានផ្លូវ ដើម្បី​ឱ្យក្រុមឈ្មួញចូលទៅទិញស្រូវទាំងនោះ៕