រដ្ឋមន្រ្តីក្រសួងកសិកម្ម

លោក វ៉េង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម មិនគាំទ្រកសិករតូចតាចខ្ចីលុយពីធនាគារ មីក្រូហិរញ្ញវត្ថុ ឬអង្គការឥណទាននានាឡើយ ប្រសិនបើការខ្ចីនោះ គ្រាន់តែដើម្បីយកមកធ្វើស្រែ ឬចំការដដែលជាដដែល និងដែលមិនមែនជាការវិនិយោគចាំបាច់។

លោករដ្ឋមន្រ្តីហាក់ដូចជាហួសចិត្តខ្លាំង នៅពេលដែលកសិករសំរុកខ្ចីលុយ ដែលមានអត្រាការប្រាក់ខ្ពស់ ចាប់ពី១០ទៅ៣០ភាគរយក្នុងមួយឆ្នាំ ដែលលោកហៅថាជាការប្រាក់នាំឲ្យកសិករកាន់តែវ័នក ដោយប្រើប្រាស់មិនចំគោលដៅ។

បើតាមលោករដ្ឋមន្រ្តី សម្រាប់ក្រុមអ្នកបោះទុនវិនិយោគធំៗ អត្រាការប្រាក់តែ៥ភាគរយ ក៏គេមិនហ៊ានខ្ចីមកវិនិយោគដែរ កុំថាឡើយ១០ទៅ១៥ភាគរយ និងថាសូម្បីតែ២ភាគរយក៏ជាការខ្ចីទាំងប្រថុយប្រថានដែរ។

«រឿងក្រេដីតនេះគឺចង្រៃ ដែលយើងមិនគួរចាំបាច់ទៅខ្ចីគេ! ខ្ញុំសូមជូនជាយោបល់ បើថាដីយើងនៅដដែលទេ យើងដោះស្រាយបានដោះទៅ កុំស្រលាញ់អាខ្ចីលុយគេ យូរៗអស់ដីអស់ស្រែ! កុំជឿថាNGOមួយចំនួនគេថាខ្ចីៗ ធ្វើឲ្យយើងកាន់តែក្រទៅៗ»

បន្ទាប់ពីបានលើកឡើងដូចខាងលើ លោក វ៉េង សាខុន បានបន្តទៀតថា « កសិករយើងអត់ដឹងបញ្ហាប្រឈម ដូច្នេះមុនខ្ចីគេយើងត្រូវគិតបញ្ហាហ្នឹង យើងចេះតែហ៊ានខ្ចី ហើយស្រែកអស់ដី អស់ចំការ។ បើការប្រាក់ម្លឹងៗរកសងគេម្ដេចទាន់ ដូចខ្ចីលុយមកចៀនចេកលក់អីហ្នឹង»។

លោកបានផ្ដល់អនុសាសន៍មួយចំនួនជូនកសិករ ដែលចាំបាច់គួរខ្ចីលុយគេមកវិនិយោគ ដូចជាមានលទ្ធភាពប្រើបច្ចេកទេសទិញទុយោបាញ់ទឹក ឬធ្វើដំបូលកៅស៊ូថ្លាលើច្បារដំណាំជាដើម ហើយថាបើរបរណាមួយ គិតទៅមិនងាយនឹងទៅមុខទេ សូមកុំប្រថុយខ្ចីលុយគេ៕