លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម

លោក វេង​ សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្ននេះ កសិករកម្ពុជា កំពុងប្រែក្លាយជា កសិ-ពាណិជ្ជករហើយ ដែលបានជួយដល់ជីវភាពកសិករកាន់តែល្អប្រសើរ។ 

ប្រជាកសិករយើងកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើ សេចក្តីត្រូវការរបស់ខ្លួន មកជាការផលិតសម្រាប់លក់ ព្រោះមានតម្រូវការទីផ្សារខ្ពស់ ហើយទន្ទឹមនឹងនេះ សហគមន៍កសិកម្ម កំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ដែលនាំឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសង្គមជនបទកម្ពុជា។  នេះជាប្រសាន៍របស់លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ដែលបានថ្លែងនៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវ “សេវាព័ត៌មានទីផ្សារកសិកម្ម”  នៅថ្ងៃ ទី១៨ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង។

លោករដ្ឋមន្រ្តីអះអាងថា សកម្មភាពនេះ ជាការបង្ហាញឲ្យឃើញថា កសិករកម្ពុជាបាន និងកំពុងប្រែក្លាយខ្លួនចេញពី “កសិករ” ទៅជា “កសិ-ពាណិជ្ជករ” ដើម្បីទទួលបានតម្លៃបន្ថែមក្នុងជីវភាពរស់នៅរបស់ខ្លួន។ លោកសង្កេតឃើញថា បច្ចុប្បន្នមានស្ថាប័នជាច្រើនទាំងរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បាន និងកំពុងផ្តល់សេវាកម្ម ដើម្បីបង្កើនចំណេះដឹង និងចំណេះធ្វើដល់កសិករនៅមូលដ្ឋាន យ៉ាងសស្រាក់សស្រាំហើយក៏មានកសិករជាច្រើនបានក្រេបជញ្ជក់យកបទពិសោធន៍ និងទេពកោសល្យទាំងអស់នោះយកទៅអនុវត្តប្រកបដោយភាពឧស្សាហ៍ព្យាយាម និងច្នៃប្រឌិតដោយទទួលបានលទ្ធផលជាផ្លែផ្កាយ៉ាងត្រចះត្រចង់នៅក្នុងតំបន់ជាច្រើនទៅតាមអនុវិស័យនីមួយៗ។

ទន្ទឹមនឹងនេះ វិធានការពង្រីក និងទំនើបកម្មសហគ្រាសកសិកម្មធុនតូច និងមធ្យមបាន និងកំពុងបន្តផ្សព្វផ្សាយពូជដំណាំមានផលិតភាពខ្ពស់ ធន់ទ្រាំនឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបតាមតម្រូវ-ការទីផ្សារ ព្រមទាំងការអនុវត្តបច្ចេកវិទ្យាសមស្រប ការអនុវត្តកសិកម្មល្អ (GAP) ការអនុវត្តចិញ្ចឹមសត្វល្អ ការអនុវត្តវារីវប្បកម្មល្អ នៅក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលជាធាតុចូលប្រកបដោយសក្ដានុពលសម្រាប់លើកកម្ពស់ការនាំចេញ ជាពិសេស ការបន្តពង្រឹង និងពង្រីកសមត្ថភាពសហគមន៍កសិកម្មឲ្យក្លាយជាសហគ្រាសសេដ្ឋកិច្ចជនបទ សម្រាប់ភាពជាដៃគូជាមួយឯកជន តាមរយៈផលិតកម្មកសិកម្មតាមកិច្ចសន្យា ៕