ប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។ ព្រៃឈើគ្រប​ដណ្តប់​ប្រមាណ ៥០% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់​អាស៊ីអាគ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅ​ក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃដី ប្រទេស​កម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ នេះបើតាមការបញ្ជាក់របស់លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាពេលថ្មីៗនេះ។

លោករដ្ឋមន្រ្តី សាយ សំអាល់ បានគូសបញ្ជាក់ថា ព្រៃឈើដើរតួនាទីយ៉ាង​សំខាន់ក្នុង​ការ​ធានា​ការផ្គត់ផ្គង់ទឹក និងថាមពល កាត់បន្ថយផលប៉ះពាល់ពី​គ្រោះមហន្តរាយ​ធម្មជាតិ និងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ រហូត​មកទល់​នឹងឆ្នាំ២០១៩ សហគមន៍ការពារធម្មជាតិទាំងអស់ ដែលស្ថិតនៅតំបន់អភិរក្សក្រសួង​បរិស្ថានមានចំនួនប្រមាណ ១៦៨ សហគមន៍។លោក សាយ សំអាល់ បានសង្កត់ធ្ងន់ថា ការការពារ និងអភិរក្សធនធាន​ធម្មជាតិឱ្យបាន​គង់វង្ស កម្ពុជាអាចលក់តួនាទីព្រៃឈើ ដែលការពារប្រព័ន្ធអេកូឡូស៊ី នៃភពផែន​ដីតាម​រយៈការលក់ឥណទានកាបូន បានប្រមាណ ១១លានដុល្លារអាមេរិក៕