រដ្ឋមន្ត្រីក្រសួងសុខាភិបាលចាត់ទុកថាជាមោទនភាពយ៉ាងខ្ពង់ខ្ពស់សម្រាប់កម្ពុជាដែលចិនបានផ្តល់ជំនួយជាង ៨១​ លានដុល្លារសហរដ្ឋអាមេរិកជួយសាងសង់មន្ទីរពេទ្យព្រះកុសុមៈ។ ជាមួយគ្នានេះ មន្ទីរពេទ្យ ព្រះកុសុមៈ ឫហៅថា ពេទ្យលោកសង្ឃ នឹងត្រូវប្តូរឈ្មោះទៅជា  មន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ព្រះកុសុមៈ។

ឯកឧត្តម ម៉ម ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល បញ្ជាក់ថាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រកុសុមៈដែលទើបធ្វើពិធីបុកគ្រឹះសាងសង់កាលពីថ្ងៃទី ៣០ ខែ តុលា  នឹងត្រូវប្រើប្រាស់ដើម្បីឆ្លើយតបតាមតម្រូវរបស់ពលរដ្ឋកម្ពុជាសម្រាប់បណ្ដុះបណ្ដាលជំនាញដល់និស្សិតនិងមន្ត្រីសុខាភិបាល និងជាកន្លែងដើម្បីស្រាវជ្រាវក្នុងការជំរុញឱ្យវិស័យវេជ្ជសាស្ដ្រកម្ពុជាឈានដល់សម័យកាលដ៏ទំនើបមួយ។

…សំឡេង

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈ នឹងត្រូវប្រើប្រាស់រយៈពេលសាងសង់ចំនួន៤០ខែ ក្នុងទំហំទឹកប្រាក់ចំណាយប្រាក់ចំនួន៨១លានដុល្លារសហរដ្ឋអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលប្រទេសចិន។ មន្ទីរពេទ្យនេះ គឺមានកម្ពស់១១ជាន់  និងមានកន្លែងចំណតឧទ្ធម្ភាចក្រនៅលើដំបូងដើម្បីដឹកអ្នកជំងឺដែរ។

នាយកមន្ទីរពេទ្យព្រះកុសុមៈលោកវេជ្ជបណ្ឌិត តាន់ សុគុន លើកឡើងថាឧបករណ៍ព្យាបាលបំពាក់ក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនគឺលក្ខណៈទំនើបនិងអាចប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ។

សំឡេង

មន្ទីរពេទ្យព្រះកុសុមៈ ដែលទើបប្ដូរឈ្មោះថ្មីមកជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនព្រះកុសុមៈនេះ ត្រូវបានសាងសង់ឡើងដំបូងក្នុងឆ្នាំ១៩៥៦ ក្រោមព្រះរាជឧបត្ថម្ភរបស់សម្ដេចព្រះមហាក្សត្រីយ៉ានីព្រះកុសុមៈ ដែលជាព្រះមាតារបស់ព្រះបរមរតនកោដ្ឋ ដើម្បីទុកសម្រាប់ព្យាបាលជំងឺព្រះសង្ឃ។ ប៉ុន្តែនៅក្រោយសម័យខ្មែរក្រហមដួលរំលំ មន្ទីរពេទ្យនេះ ក៏ត្រូវបានក្រសួងសុខាភិបាល កែសម្រួលទៅជាមន្ទីរពេទ្យពហុព្យាបាលវិញម្ដង ដោយមិនព្យាបាលតែចំពោះព្រះសង្ឃទៀតឡើយ៕