អង្គការសុខភាពពិភពលោកWHO កំពុងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីបង្កើតវ៉ាក់សាំង ដោយមានចក្ខុវិស័យក្នុងការផ្តល់ថ្នាំចំនួន២ពាន់លានដូសនៅដំណាច់ឆ្នាំ២០២១។

កាលពីថ្ងៃទី២១មករា លោកប្រធានាធិបតីអាមេរិក Joe Biden បានចេញផ្សាយយុទ្ធសាស្ត្ររដ្ឋបាលរបស់លោក ក្នុងការចំណាយថវិកា១.៩ទ្រីលានដុល្លារសម្រាប់ផែនប្រឆាំង កូវីដ១៩ ផែនការប្រឆាំងកូវីដ១៩។ រដ្ឋបាលលោក បៃឌិន ក៏នឹងចូលរួមជាមួយកម្មវិធី Covax ដែលបានផ្ដួចផ្ដើមឡើងដោយអង្គការសុខភាពពិភពលោក ដើម្បីបានធានាថាប្រទេសទាំងអស់នឹងមានលទ្ធភាពទទួលបានវ៉ាក់សាំងដោយស្មើភាព។

នៅក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ គឺបានដាក់សហរដ្ឋអាមេរិកឱ្យស្ថិតក្នុងចំណោមប្រទេសមួយចំនួនតូចដែលបដិសេធមិនចូលរួមកម្មCovaxនេះ។



អង្គការសុខភាពពិភពលោកទើបបានអនុម័តវ៉ាក់សាំង Pfizer-BioNTech សម្រាប់ដាក់ឱ្យប្រើប្រាស់ជាបន្ទាន់ ហើយត្រូវបានគេរាយការណ៍ថា អង្គការនេះក៏កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យមើលបេក្ខជនវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna  ក្រុមហ៊ុនAstraZenecaដែលសហការជាមួយOxford វ៉ាក់សាំង Sinopharm និងវ៉ាក់សាំង Sinovac។

របាយការណ៍របស់ CDCអាមេរិកចេញផ្សាយនៅថ្ងៃទី៦មករាថា ការប្រតិកម្មធ្ងន់ធ្ងរដោយសារវ៉ាក់សាំង Pfizer-BioNTech គឺជារឿងដ៏កម្រ ដែលបានផ្តល់នូវការធានានូវសុវត្ថិភាពឱ្យបន្តការចាក់វ៉ាក់សាំងទ្រុងទ្រាយធំ។ ទោះយ៉ាងណានៅក្នុងសេចក្តីប្រកាសព័ត៌មានថ្ងៃទី ១៥ ខែមករា មន្រ្តីនៅប្រទេសន័រវែសបានជំរុញឱ្យមានការប្រុងប្រយ័ត្នក្នុងការចាក់វ៉ាក់សាំងលើមនុស្សដែលមានអាយុលើសពី៨០ឆ្នាំ ឬមានជំងឺធ្ងន់ធ្ងរ។

ការស្នើនេះ បន្ទាប់ពីមានការចាក់វ៉ាក់សាំងបានចំនួន ៣៣ ០០០ ដូសនៅក្នុងប្រទេសន័រ វែស មានមនុស្សស្លាប់ចំនួន២៣នាក់ បន្ទាប់ពីចាក់វ៉ាក់សាំងរួច ហើយដែលគិតថាជាប់ពាក់ព័ន្ធនឹងការចាក់វ៉ាក់សាំង៕