ភ្នំពេញ៖ រដ្ឋបាល​ជលផល​នៃ​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ប្រកាសអំពីពេលវេលា នៃការបិទនេសាទត្រី នៅក្នុងដែននេសាទទឹកសាប។ នេះបើតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី ៧ ឧសភា ឆ្នាំ ២០១៩។

-ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់​ថ្ងៃទី៣០ ខែកញ្ញា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅខាងជើងខ្សែ​ស្រប​ទន្លេ​ចតុមុខ ដែលរួមមាន​ខេត្ត​ទាំងអស់​ជុំវិញ​បឹងទន្លេសាប និង​បណ្តា​​ខេត្ត​កំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនគិរី មណ្ឌលគិរី ព្រះវិហារ ប៉ៃលិន ឧត្តរ​មាន​​ជ័យ និង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល​ផ្នែក​ខាងជើង​ចតុមុខ។

-ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់​ថ្ងៃទី៣១ ខែតុលា ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិត​នៅខាងត្បូង​ខ្សែ​ស្រប​ទន្លេចតុមុខ ដែលរួមមាន រាជធានី​ភ្នំពេញ​ផ្នែកខាងត្បូង​ចតុមុខ ខេត្ត​កណ្តាល ព្រៃវែង តាកែវ កំពង់ស្ពឺ និង​ខេត្ត​ស្វាយរៀង។

បើតាមរដ្ឋបាល​ជលផល​ ចំពោះរយៈពេលបិទ​នេសាទ​នេះ អ្នកនេសាទ​ទាំងអស់​អាច​ប្រើប្រាស់បាន​តែឧបករណ៍​នេសាទ លក្ខណៈ​គ្រួសារ​ ដែលមាន​ចែងក្នុង​ប្រកាស​លេខ ៤៥​៨ ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ​២០១២ប៉ុណ្ណោះ។

ចំពោះ​ឧបករណ៍​ អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម​ ឈ្នក់ មិនត្រូវបាន​អនុញ្ញាត​អោយ​ប្រើ​ប្រាស់​ឡើយ ​ក្នុងរដូវបិទ​នេសាទ​នេះ ដោយ​ឡែក​ឧបករណ៍​មងអាច​ធ្វើនេសាទ​​បាន​តែ​​ប្រ​វែង ១០០ម៉ែត្រ​ប៉ុណ្ណោះ៕

អត្ថបទ៖ ខ្មែរណាស់