ភ្នំពេញ៖ អ្នករស់នៅជុំវិញលូទឹកស្អុយបឹងត្របែក បានលើកឡើងថា រដូវវស្សាឆ្នាំនេះ មិនសូវមានសំរាមកខ្វក់ និងក្លិនស្អុយដូចឆ្នាំមុននោះទេ។

បច្ចុប្បន្នប្រឡាយលូទឹកស្អុយបឹងត្របែក លែងមានក្លិនស្អុយខ្លាំងដូចមុនទៀតហើយ បើទោះជាចូលដល់រដូវវស្សា មានភ្លៀងធ្លាក់ជាញឹកញាប់ក្តី។ ចំណែកសំរាម​ក៏មិនមាន​ច្រើន នាំអោយស្ទះលូទៀតដែរ។ នេះបើតាមការបញ្ជាក់របស់លោក យិន មិន អ្នករស់​​ជាប់ប្រឡាយលូទឹកស្អុយបឹងត្របែក។

ដូចគ្នានេះដែរ អ្នករស់នៅជាប់ប្រឡាយលូបឹងត្របែកមួយរូបទៀត គឺអ្នកស្រី ប្រាក់ សាមី បានរៀបរាប់ថា អ្នកស្រីរស់នៅជាប់ប្រឡាយលូទឹកស្អុយនេះជាង ៥ឆ្នាំហើយ ។ នៅដើមរដូវវស្សាឆ្នាំនេះ មិនដូចឆ្នាំមុនឡើយ ពោលគឺ គ្មានសំរាមកកកុញ​នៅក្នុង​ប្រ​​ឡាយ គ្មានក្លិនស្អុយខ្លាំង មិនបង្កផលប៉ះពាល់ដល់សុខភាពកុមារ ពិសេសបង​ប្អូន​​ប្រជាពលរដ្ឋ នៅជាប់មាត់ប្រឡាយយល់ដឹងពីបរិស្ថាន ចេះទុកដាក់​សំរាមបានត្រឹម​ត្រូវ។ នេះជាការបន្ថែមរបស់អ្នកស្រី ប្រាក់ សាមី។

ប្រឡាយ​លូទឹកស្អុយបឹងត្របែក ​មាន​សារសំខាន់​ក្នុង​ការ​រំដោះ​ទឹក​ចេញ​ពី​រាជធានី​ភ្នំពេញ​ កន្លងមក ត្រូវ​បាន​ប្រជាពលរដ្ឋ​រស់នៅ​ជុំវិញ​មាត់​ប្រឡាយនេះ ​យក​សំរាម​​បោះ​ចូល​ទៅ​ក្នុង​ប្រឡាយ បង្ក​ការកក​ស្ទះខ្លាំង ​ដែល​ធ្វើឲ្យ​មាន​បញ្ហា​ដល់​ចរន្ត​ទឹក​ហូរ ពិសេស​​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​អនាម័យ និង​សោភ័ណភាព​ទីក្រុង​ភ្នំពេញ​។ ប៉ុន្តែនៅដើមឆ្នាំ ២០១៩ មានយុវជនមួយក្រុម បង្កើតយុទ្ធនាការប្រមូលសំរាម ចេញ​ពីប្រឡាយលូនេះ ធ្វើអោយចរន្តទឹកហូរបានល្អ ចំណែកពលរដ្ឋនៅជុំវិញនេះ ក៏មិន​​សូវជួបបញ្ហាសុខភាពផងដែរ៕

អត្ថបទ៖ ខ្មែរណាស់