ស្លាដក ជារណ្ដាប់ធ្វើបុណ្យមួយ ដែលប្រជាពុទ្ធបរិស័ទខ្មែរនិយមរៀបចំ ឬជាវយកទៅប្រគេនព្រះសង្ឃណាស់ ពិសេសក្នុងរដូវកាលកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះតែម្ដង។ ជាទូទៅ នៅក្នុងសាដក​ គេតែងរៀបចំសំពត់ងូតទឹក ច្រាស់ដុះធ្មេញ ថ្នាំដុះធ្មេញ ថ្នាំព្យាបាលរោគ ប្រេងកូឡា ប៊ិច សៀវភៅ សាប៊ូរដោះខ្លួន ជាដើម។

សម្រាប់អ្នកទិញសម្ភារៈទាំងអស់នេះយកមករៀបជាសាដក គឺជារៀងល្អបំផុត ប៉ុន្តែសម្រាប់អ្នកទិញស្លាដកដែលគេរៀបស្រាប់វិញ អាចប្រឈមនឹងផលិទ្ធផលក្លែងក្លាយ។ សម្រាប់អាជីវករត្រឹមត្រូវមិនអីទេ ប៉ុន្តែរៀងរាល់ឆ្នាំ ​តែងតែមានអ្នករៀបរណ្ដាប់ស្លាដកបង្កប់នូវផលិតផលក្លែងក្លាយ។ ព្រះសង្ឃ​ និងមន្រ្តីកាំងកុងត្រូល ដឹងច្បាស់ពីរឿងនេះ។

រឿងនឹកស្មានមិនដល់មួយទៀត ព្រះសង្ឃមួយអង្គ បានបង្ហោះលើបណ្ដាញសង្គមដើម្បីចែករំលែករឿងពិតមួយពាក់ព័ន្ធនឹងសាដកក្លែងក្លាយ។ បើតាមវីដេអូដែលព្រះអង្គបង្ហាញ ស្លាដកនោះ មើលពីខាងក្រៅគឺទំនងនឹងទិញប្រគេនលោកណាស់ តែធាតុពិតក្នុងនោះគឺទទេស្អាត។

ដូច្នេះ ដើម្បីចៀសវាងព្រះសង្ឃទទួលបានសម្ភារៈបុណ្យក្លែងក្លាយ ឬរហូតដល់សាដកគ្មានអ្វីក្នុងនោះទាល់តែសោះ ប្រជាពុទ្ធបរិស័ទ ត្រូវពិនិត្យ​ឲ្យបាលល្អិតល្អន់នូវរាល់សម្ភារៈ ដែលមាននៅក្នុងស្លាដកដែលគេរៀបចំជាស្រេចសម្រាប់លក់៕