ស្រោមអនាម័យក្លែងក្លាយដែលបានលួចប្រើឈ្មោះរបស់ក្រុមហ៊ុនពិភពលោកល្បីៗ ដូចជាម៉ាក Durex និង Okamoto ត្រូវបានលក់នៅតាមសណ្ឋានគារ និងផ្សារទំនើបៗ នៅភាគកណ្ដាលនិងភាគខាងកើតនៃប្រទេសចិន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post នៅថ្ងៃអង្គារ៌នេះ។

ការចុះផ្សាយដដែលបន្តថា អាជ្ញាធរបានចូលឆ្មក់និងរឹបអូសបាន ស្រោមអនាម័យក្លែងក្លាយជាង៥សែនប្រអប់ ដែលមានតម្លៃជាទឹកប្រាក់សរុប៧លានដុល្លារ និងបានឃាត់ខ្លួនមនុស្សចំនួន១៧នាក់ នៅក្នុងខេត្ត Henan និងខេត្ត Zhejiang។

មន្រ្តីប៉ូលីសបាននិយាយថា ស្រោមអនាម័យក្លែងក្លាយទាំងនេះ ត្រូវបានបង្កើតឡើងដោយលាយជាមួយប្រេងសីលីកូន ហើយនេះមិនមានស្ដង់ដារអ្វីទាល់តែសោះ និងអាចបង្កហានិភ័យដល់សុខភាពខ្លាំង ដោយសារមានបាក់តេរីលើសលប់ពេក។

ប៉ូលីសកំពុងបើកការស៊ើបអង្កេតបន្ត បន្ទាប់ពីសង្ស័យថា ក្រុមផលិតស្រោមអនាម័យក្លែងក្លាយទាំងនេះ គឺមានដៃគូរសហការផ្សេងទៀត។

កាលពីខែ កុម្ភៈឆ្នាំ២០១៨នេះ អាជ្ញាធរចិន ក៏បង្ក្រាបបានស្រោមអនាម័យក្លែងក្លាយប្រហែល២លានស្រោមដែរ ហើយផលិតផលទាំងនោះ ត្រូវបានគេព្រួយបារម្ភដូចគ្នាថា អាចបង្កឱ្យមានហានិភ័យខ្លាំងដល់សុខភាព៕