ភ្នំពេញ៖ កម្ពុជានឹងបោសសម្អាតមីន និងគ្រាប់យុទ្ធ​ភណ្ឌមិនទាន់ផ្ទុះឱ្យអស់នៅត្រឹម​ឆ្នាំ២០២៥ ខាងមុខ។ នេះបើតាមការអះអាងរបស់លោក លី ធុជ ទេសរដ្ឋមន្ត្រីទទួល​បន្ទុកបេសកកម្ម​ពិសេស និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ថ្លែងនៅក្នុងឱកាស​អញ្ជើញសួរសុខទុក្ខជនរងគ្រោះដោយសារ​គ្រាប់មីន ដែលសម្រាក​​ព្យាបាលនៅ​មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ កាលពីពេលថ្មីៗនេះ។

លោកបន្តថា បញ្ហាគ្រាប់មីន និងគ្រាប់ យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ បានបង្កឱ្យបាត់បង់​អាយុជីវិតប្រជាពលរដ្ឋបន្សល់ទុកជនពិការ ស្ត្រីមេម៉ាយ និងកុមារកំព្រាជាបន្តបន្ទាប់។

តាមរបាយការណ៍អាជ្ញាធរមីនបង្ហាញថា  កាលពីទសវត្សរ៍៩០ ប្រជាជនកម្ពុជារងគ្រោះ​ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៤ពាន់នាក់ក្នុងមួយឆ្នាំៗ។ បច្ចុប្បន្ន ដោយមានការគាំទ្រពីអង្គការជាតិ អន្តរជាតិ និងពីបណ្តាប្រទេសជាមិត្ត បញ្ហាគ្រោះ​ថ្នាក់ ដោយសារមីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គឺមានការថយចុះមកត្រឹមតែ​ប្រមាណ ៥០នាក់ប៉ុណ្ណោះ៕