អង្គការយូណេស្កូ(UNESCO)បារម្ភគម្រោងអភិវឌ្ឃន៍ឧទ្យានលើផ្ទៃដីប្រមាណ៧៥ហិកតារបស់ក្រុមហ៊ុន ណាហ្កាខប នៅជិតតំបន់ការពារបេតិកភណ្ឌអង្គរ នឹងធ្វើឱ្យប៉ះពាល់ទេស​ភាពនៅតំបន់ជុំវិញអង្គរ បរិស្ថាន និងវត្ថុបុរាណទាំងអស់នៃតំបន់អង្គរ ដែលជាភ្នែកដ៏សំខាន់មួយរបស់សម្បត្តិបេតិកភណ្ឌមួយនេះ។ មន្រ្តីអប្សរានេះ ការមិនយល់ស្រប​ពី​យូណេស្កូ បានធ្វើគម្រោងអភិវឌ្ឍន៍នេះ ស្ថិតក្នុងភាពមិនច្បាស់លាស់។

អង្គការយូណេស្កូបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយថ្ងៃទី១៧កុម្ភៈនេះថា ខ្លួនកំពុងតាមដានដោយយកចិត្តទុកដាក់ជាទីបំផុតចំពោះគម្រោងបង្កើតកន្លែងកម្សាន្តនៅក្បែរតំបន់អង្គរនេះ ហើយបានអះអាងថា នៅក្នុងកិច្ចប្រជុំរបស់គណៈ​កម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរហៅកាត់ថា (ICC-Angkor)ធ្វើឡើងនៅថ្ងៃទី២៦ដល់ថ្ងៃទី២៧មករានេះ ក្រុមអ្នកជំនាញក្នុងវិស័យអភិរក្សនិងការអភិវឌ្ឍប្រកបដោយចីរភាព បានបង្ហាញការមិនគាំទ្រយ៉ាងច្បាស់ចំពោះគម្រោងនេះ។

ការព្រួយបារម្ភរបស់អង្គការយូណេស្កូនេះ បន្ទាប់ពីក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី​១៥​វិច្ឆិកាឆ្នាំ២០២០ បានប្រកាសពីគម្រោងអភិវឌ្ឍរមណីយដ្ឋាននៅខេត្តសៀមរាបក្នុងទឹកប្រាក់វិនិយោគ៣៥០លានដុល្លារ ហើយការអភិវឌ្ឍន៍នឹងបញ្ចប់រួចរាល់នៅត្រឹមឆ្នាំ២០២៥ ដែលក្រុមហ៊ុនអះអាងថា នឹងមិនមានបើកជាលក្ខណៈល្បែងស៊ីសងនោះទេ។

រដ្ឋាភិបាលកម្ពុជាបានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនជួលដីទំហំ៧៥ហិកតាក្នុងរយៈពេល៥០ឆ្នាំ ដែលមានទីតាំងចម្ងាយ៥០០ម៉ែត្រនៅខាងត្បូងនៃតំបន់ហាមឃាត់នៅជុំវិញប្រាសាទអង្គរវត្ត ដើម្បីឱ្យក្រុមហ៊ុនបង្កើតទីតាំងកម្សាន្តចម្រុះបែបដូចជា Seam Reap China Town ដែលជាកន្លែងមានហាងលក់ស្រា អាហារ បង្កើតសួរច្បារ និងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធប្រឡាយរបស់អង្គរជាដើម។

យូណេស្កូបញ្ជាក់ថា ខ្លួនកំពុងពិភាក្សាយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរកម្ពុជា ជាមួយអ្នកពាក់ព័ន្ធដែលកំពុងបន្តធ្វើការជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ១៩៩២ ដើម្បីការពារតំបន់អង្គរនិងតំបន់ជុំវិញអង្គរ ជាពិសេសតាមរយៈការពិភាក្សាជាមួយICC-Angkorជាដើម ។ យូណេស្កូជឿជាក់ថា អាជ្ញាធរកម្ពុជានៅតែប្តេជ្ញាចិត្តពេញលេញក្នុងការអនុវត្តអនុសញ្ញាបេតិកភណ្ឌពិភពលោកហើយនឹងធានាថាការការពារតម្លៃជាសកលដ៏លេចធ្លោរបស់អង្គរ នៅតែជាបេះដូងនៃដំណើរការធ្វើសេចក្តីសម្រេចចិត្តទាក់ទងនឹងទ្រព្យសម្បត្តិនិងតំបន់ជុំវិញ។



អង្គការបញ្ជាក់ថា រាល់ការអភិវឌ្ឍន៍ទាក់ទងនឹងរមណីយដ្ឋានអង្គរ នឹងត្រូវបានពិនិត្យដោយគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅសម័យប្រជុំលើកទី៤៤របស់ខ្លួន នៅខែមិថុនាដល់ខែកក្កដាឆ្នាំ២០២១នេះ។

លោក ឡុង កុសល អ្នកនាំពាក្យអជ្ញាធរជាតិអប្សរាបានប្រាប់សារព័ត៌មានខ្មែរណាស់នៅថ្ងៃនេះថា កម្ពុជាពុំមានអ្វីប្រតិកម្មទៅនិងការលើកឡើងរបស់អង្គការយូនេស្កូនេះទេ ពីព្រោះលទ្ធផលទាំងនេះគឺចេញពីការពិភាក្សារវាងអជ្ញាធរជាតិអប្សរានិងអង្គការនេះ។

លោកបន្តថា៖«ដូចដែលអ្វីបានបញ្ជាក់អ៊ីចឹង នៅក្នុងសេចក្តីថ្លែងការរបស់គេ(យូណេស្កូ) គេបដិសេធហើយ យើងនៅតែបន្តពិភាក្សាគ្នា ថាត្រូវធ្វើយ៉ាងម៉េចបន្តទៀត ហើយខ្ញុំមិនទាន់ដឹងរឿងនេះនៅឡើយទេ»។

លោកបញ្ជាក់ថា គម្រោងសាងសង់តំបន់កម្សាន្តលំដាប់ពិភពលោកនេះ ពុំទាន់បានចាប់ផ្តើមនៅឡើយទេ ដោយសារគ្មានការយល់ព្រមពីអង្គការយូនេស្កូប្រចាំប្រទេសកម្ពុជា៕