កម្ពុជា ជាប្រទេសសំបូរដីធ្វើកសិកម្ម ប៉ុន្តែកម្ពុជា នៅខ្វះបន្លែធម្មជាតិ ផ្គត់ផ្គង់តម្រូវ ការទីផ្សារក្នុងស្រុក។ នេះជាកត្តាដែលជំរុញអោយអ្នកជំនាញកសិកម្ម ភុន រតនា បង្កើតទីផ្សារបន្លែធម្មជាតិ ជំនួសឲ្យការនាំចូលបន្លែគីមីពីបរទេស។

កម្ពុជាបច្ចុប្បន្ន បាននឹងកំពុងនាំចូលបន្លែផ្លែឈើពីបរទេសយ៉ាងកំហុក ដោយសារ តម្រូវការទីផ្សារក្នុងស្រុកខ្ពស់ ដែលការនាំចូលនេះ ត្រូវបានគេដឹងថា មានផ្ទុក សារធាតុ គីមី ដើម្បីរក្សាបន្លែផ្លែឈើឲ្យនៅស្រស់បានយូរ ដែលករណីនេះ នាំឲ្យប៉ះពាល់ សុខភាពពលរដ្ឋធ្ងន់ធ្ងរ។

តាមពិតទៅ កម្ពុជា ជាប្រទេសកសិកម្ម អាចដាំបន្លែផ្លែឈើផ្គត់ផ្គង់តម្រូវការ ក្នុងស្រុក បានយ៉ាងងាយ ប្រសិនបើមានបច្ចេកទេសដាំ គ្រប់គ្រងទីផ្សារ និងផែនការច្បាស់ លាស់។ សព្វថ្ងៃកសិករដាំដំណាំភាគច្រើនធ្វើតាមបែបធម្មជាតិ គ្មានផែនការ និង ដំណាក់កាលត្រឹមត្រូវ ដូច្នេះហើយ កសិផលដែលពួកគាត់ទទួលបាន ងាយនឹងធ្លាក់ថ្លៃ ព្រោះសម្រុកផ្ទួនៗគ្នាប្រមូលផលស្របពេលតែមួយ។ នេះជាការលើកឡើងរបស់លោក ភុន រតនា អ្នកជំនាញកសិកម្មវ័យក្មេង និងជាស្ថាបនិកហាងផលិត បន្លែធម្មជាតិផ្សារ ខ្មែរ។ កត្តាទាំងនេះហើយ ដែលនាំអោយកម្ពុជា បន្តនាំចូលបន្លែពីបរទេស ផ្គត់ផ្គង់ តម្រូវការក្នុងស្រុកឥតល្ហែ។

ដោយសារតែមើលឃើញបន្លែពីបរទេសពោរពេញទៅដោយសារធាតុគីមី លោក ភុន រតនា ធ្វើការជាមួយវិស័យកសិកម្មជាង ៦ឆ្នាំ រកវិធីសាស្រ្តធ្វើយ៉ាងណាឲ្យកសិករ មានទីផ្សារ និងរកចំណូលបានខ្ពស់ពីវិស័យនេះ ព្រមទាំងទម្លាក់តម្លៃឲ្យប្រហាក់ ប្រហែលបន្លែនាំចូលពីបរទេស ដើម្បីឲ្យពលរដ្ឋងាកមកបរិភោគបន្លែធម្មជាតិវិញ។

សព្វថ្ងៃលោក ភុន រតនា រួមទាំងដៃគូសហការ ៥នាក់ទៀត បានបង្កើតហាងលក់ កសិផលបន្លែផ្លែឈើ ត្រីសាច់ធម្មជាតិ មានទីតាំងនៅបុរីភពថ្មីII ចំការដូង។ ហាងនេះ មានឈ្មោះថា «ផ្សារខ្មែរ»។

ហាងលក់កសិផលរបស់អ្នកជំនាញកសិកម្មរូបនេះ សហការ និងទទួលទិញ បន្លែ ពីកសិករខ្មែរសុទ្ធសាធ និងគ្មានសារធាតុគីមី ហើយកសិករ ក៏មិនអាចបន្លំបានដែរ ព្រោះមានឧបករណ៍ពិសោធន៍ត្រឹមត្រូវ មុនចេញលក់លើទីផ្សារ។

តំបន់ទីតាំងគោលដៅសំខាន់របស់លោក ភុន រតនា គឺចុះជួយផ្នែក បច្ចេកទេសកសិករ នៅខេត្តពោធិ៍សាត់ បាត់ដំបង និងមណ្ឌលគិរី។ កន្លងមក អ្នកជំនាញកសិកម្មវ័យ ក្មេងរូបនេះ បានចុះជួយផ្នែកបច្ចេកទេស និងផែនការដល់កសិករនៅខេត្តកំពង់ចាម និងស្រុកស្អាងខេត្តកណ្តាលបានមួយចំនួនហើយ។ សព្វថ្ងៃកសិករខ្មែរ មានចំណេះដឹងដាំដុះ ប៉ុន្តែខ្វះបច្ចេកទេស។ នេះបើតាមការបញ្ជាក់របស់លោក ភុន រតនា។

សកម្មភាពក្នុងវិស័យកសិកម្មរបស់ក្រុមលោក ភុន រតនា មានការគាំទ្រពេញទំហឹង ពីស្ថាប័នពាក់ព័ន្ធ មានដូចជា ក្រសួងកសិកម្ម ​ជាដើម។


លោក ភុន រតនា បច្ចុប្បន្នមានអាយុ ២៨ឆ្នាំ មានស្រុកកំណើតនៅខេត្តបន្ទាយ មាន ជ័យ។ លោកមានបងប្អនបង្កើត ៣នាក់ ស្ថិតក្នុងគ្រួសារដែលមានឪពុកជាជាងកែ ច្នៃម៉ាស៊ីនច្រូតខ្មែរ។ លោក ស្រលាញ់វិស័យកសិកម្មតាំងពីក្មេងមក និងតែងតែជួយ កិច្ចការឪពុក ក្រោយសម្រាកពីការសិក្សា។

រៀនបណ្តើរ ជួយធ្វើកិច្ចការងារឪពុកបណ្តើរ រហូតដល់ឆ្នាំ ២០០៩ រតនា ក៏បានបញ្ចប់ បាក់ឌុប។ ក្រោយចប់បាក់ឌុប រតនា បានឡើងមករាជធានីភ្នំពេញ ដើម្បីបន្តការ សិក្សាថ្នាក់មហាវិទ្យាល័យ ប៉ុន្តែដំបូងឡើយ មិនមែនចាប់ជំនាញកសិកម្មឡើយ ពោលគឺរៀនជំនាញព័ត៌មានវិទ្យា។

បន្ទាប់ពីបោះបង់ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រត្រឹមឆ្នាំទី ២ លោក ភុន រតនា បានតម្រង់ គោលដៅទៅរកជំនាញកសិកម្ម នៅសកលវិទ្យាល័យកសិកម្មចំការដូង និងបានបញ្ចប់ នៅឆ្នាំ ២០១៤។

លោក ភុន រតនា មានជំនឿថា ៥ឆ្នាំខាងមុខ កម្ពុជានឹងអាចផ្គត់ផ្គង់បន្លែធម្មជាតិ តាមតម្រូវការក្នុងស្រុកបានគ្រប់គ្រាន់៕