យុវជនមួយក្រុម បានស្នើសុំឱ្យរដ្ឋាភិបាលត្រូវអនុម័តច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យបានឆាប់ ស្របពេលពួកគេដឹងថា ច្បាប់នេះ​ ត្រូវបានសិក្សានិងរៀបចំតាក់តែងចប់សព្វគ្រប់ហើយ ប៉ុន្តែរដ្ឋាភិបាលហាក់ពន្យាពេលក្នុងការអនុម័តដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ ការស្នើសុំនេះ បានធ្វើឡើងនៅសន្និសីទសារព័ត៌មានស្ដីពីផលប៉ះពាល់នៃគ្រឿងស្រវឹង ដែលរៀបចំនៅថ្ងៃទី ១៤ ធ្នូ ក្នុងសាកលវិទ្យាល័យធនធានមនុស្ស។

ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព យល់ឃើញថា ដោយសារគ្មានច្បាប់ត្រឹមត្រូវ ក្រុមហ៊ុលក់ស្រាបៀរកាន់តែបង្កើនការផ្សព្វផ្សាយរឹតតែខ្លាំង ហើយក្រុមហ៊ុនខ្លះទៀត បានយកសម្បត្តិបេតិកភណ្ឌរបស់ជាតិដ៏មានតម្លៃមកធ្វើជានិមត្តិសញ្ញា ដើម្បីធ្វើយ៉ាងណាបញ្ចុះបញ្ចូលឱ្យពលរដ្ឋប្រើប្រាស់គ្រឿងស្រវឹង ហើយហាក់បំភ្លេចចោលផលប៉ះពាល់របស់វា។

ពួកគេបន្តថា​ការផ្សព្វផ្សាយអំពីគ្រឿងស្រវឹង ដែលមានតាមកញ្ចក់ទូរទស្សន៍ តាមការប្រគុំតន្ត្រី ឬតាមផ្ទាំងបដានានាព្រោងព្រាតតាមដងផ្លូវសាធារណៈ ដែលបង្ហាញអំពីរូបភាពទាក់ទាញ ហើយខ្លះជារូបភាពមិនសមរម្យ ជាពិសេសការផ្ដល់រង្វាន់បញ្ចុះបញ្ចូលឱ្យប្រើប្រាស់គ្រឿងស្រវឹង គឺកំពុងតែកើនឡើងរឹតតែខ្លាំង ប៉ុន្តែការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រោះថ្នាក់គ្រឿស្រវឹងវិញ គឺមានតិចតួចប៉ុណ្ណោះ ដែលបញ្ហានេះ បានធ្វើឱ្យពលរដ្ឋនៅគ្រប់ទីកន្លែងរួមទាំងកុមារក្មេងៗផង កាន់តែនាំគ្នាប្រើប្រាស់គ្រឿងស្រវឹង។ ក្រុមយុវជននេះព្រួយបារម្ភថា រូបភាពបែបនេះ នឹងធ្វើឱ្យគ្រឿងស្រវឹងកាន់តែបង្កផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់សង្គមជាតិ ដូចជាការកើតមានអំពើហិង្សា និងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាដើម។

លោក ណាល់ វិច្ឆ័យ សមាជិកក្រុមយុវជនស្ម័គ្រចិត្តដើម្បីសុខភាព យល់ឃើញថា មូលហេតុដែលរដ្ឋាភិបាលហាក់មិនចង់ចេញច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹងឱ្យបានឆាប់នេះ អាចដោយសារ ក្រុមហ៊ុនស្រាបៀរ បានផ្ដល់ផលប្រយោជន៍ច្រើន ដូចជាបង់ប្រាក់ពន្ធឬប្រាក់ឧបត្ថម្ភចូលរដ្ឋ។ ម្យ៉ាងទៀត ច្បាប់នេះក៏អាចធ្វើឱ្យប៉ះពាល់ដល់មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលដែរ។ ប៉ុន្តែលោកបន្តថា នៅពេលនេះ ក្រុមយុវជនរបស់លោកគ្រាន់តែចង់ឱ្យរដ្ឋាភិបាលដឹងថា ផលប៉ះពាល់នៃគ្រឿងស្រវឹង កំពុងតែក្លាយជាបញ្ហាធ្ងន់ធ្ងរ និងដល់ពេលដែលរដ្ឋាភិបាលត្រូវគិតគួរចេញច្បាប់នេះជាផ្លូវការ។

លោកបញ្ជាក់ «ដូចជាក្រុមហ៊ុនស្រាបៀរខ្លះ ឧបត្ថម្ភទៅដល់អ្នកប្រដាល់ ឬផ្ដល់សម្ភារៈប្រើប្រាស់នៅតាមទីសាធារណៈឬតាមសាលារៀនជាដើម ដូចជាបង់អង្គុយ។ ត្រឡប់មកវិញ មូលហេតុយូរដែលមិនចេញច្បាប់ហ្នឹង វាមានរឿងរ៉ាវច្រើនដែលមានផលប៉ះពាល់ជាមួយថ្នាក់ដឹកនាំ ហើយជាដែនសមត្ថកិច្ចរបស់អាជ្ញាធរនិងក្រសួងពាក់ព័ន្ធ។ អ៊ីចឹង! សម្រាប់ខ្ញុំ គឺមិនបានចាប់អារម្មណ៍ស៊ីជម្រៅអំពីរឿងហ្នឹងទេ»។

ច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨។ ច្បាប់នេះ ត្រូវបានគេដឹងថា នឹងកំណត់ឱ្យពលរដ្ឋអាចប្រើប្រាស់ស្រវឹងបានចាប់ពីអាយុ២១ឆ្នាំឡើយ តម្លើនពន្ធចំពោះការលក់គ្រឿងស្រវឹង ហាមលក់គ្រឿងស្រវឹងជិតសាលារៀនឬវត្តអារាម ហាមឃាត់ចំពោះការផ្សព្វផ្សាយលក្ខណៈអូសទាញ ឬមិនអនុញ្ញាតឱ្យលក់គ្រឿងស្រវឹងចាប់ពីម៉ោង១២ យប់ ដល់ម៉ោង ៦ព្រឹកជាដើម៕