ការដាច់សរសៃឈាមខួរក្បាល គឺបណ្ដាលមកពីមានការរំខាននៃការផ្គត់ផ្គង់ឈាមទៅកាន់ខួរក្បាល ហើយដែលជាធម្មតាត្រូវបានគេដឹងថា គឺដោយសារមានការកកស្ទះក្នុងសរសៃឈាម។ បញ្ហានេះ បានធ្វើឱ្យមានការកាត់ផ្ដាច់នូវការផ្ដល់អុកស៊ីសែន និងសារធាតុចិញ្ចឹមទៅខួរក្បាល និងនាំឱ្យមានការបំផ្លាញទៅដល់ជាលិកាខួរក្បាល។

ជាទូទៅ រោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល តែងបង្ហាញឱ្យដឹងតាមរយៈអាការស្ពឹក នូវមុខ ដៃ និងជើងមួយរំពេច ហើយភាគច្រើនកើតឡើងនៅមួយចំហៀងខ្លួន។ រោគសញ្ញាផ្សេងទៀត រួមមាន ការភ្លេចភ្លាំង ពិបាកក្នុងការនិយាយឬមិនងាយស្ដាប់យល់ ពិបាកក្នុងការឃើញអ្វីមួយដោយភ្នែកម្ខាងឬភ្នែកទាំងពីរ ពិបាកដើរ វិលមុខ បាត់បង់ភាពលំនឹង ឈឺក្បាលខ្លាំងដោយមិនដឹងមូលហេតុ និងបាត់ស្មារតីមិនដឹងខ្លួន។

ផលប៉ះពាល់នៃការដាច់សរសៃឈាមក្នុងខួរក្បាល គឺអាស្រ័យលើផ្នែកណាមួយនៃខួរក្បាលកើតមានបញ្ហា ហើយពីភាពធ្ងន់ធ្ងរនៃការរងប៉ះពាល់របស់វា។ ការដាច់សរសៃឈាមធ្ងន់ធ្ងរ គឺធ្វើឱ្យស្លាប់មួយរំពេច៕

ប្រភព៖ WHO