អាជ្ញាធរប្រទេសអូស្រ្ដាលី កំពុងស៊ើបអង្កេតក្រោយពីមានការរកឃើញម្ជុល ត្រូវបានគេបង្កប់នៅក្នុងសាច់ផ្លែទំពាំងបាយជូ ដែលប្ដីប្រពន្ធមួយគូបានទិញពីផ្សារទំនើបមួយឈ្មោះ Woodsworth  ស្ថិតក្នុងទីក្រុងMelbourne ។

លោក Skender Hasa និងអ្នកស្រី Shams Alsubaiy បានយកផ្លែទំពាំងបាយជូបៃតងគ្មានគ្រាប់មកបរិភោគជាអាហារសម្រន់នៅក្រោយបាយល្ងាច កាលពីថ្ងៃទី១ ខែមករា កន្លងទៅនេះ ហើយក្រោយមក អ្នកស្រី Alsubaiyដែលកំពុងមានផ្ទៃពោះ បានរកឃើញមានកូនម្ជុលនៅក្នុងផ្លែទំពាំងបាយជូនោះ។ ម្ជុលតូចៗចំនួនពីរដើមបានរកឃើញ បន្ទាប់ប្ដីប្រពន្ធទាំងពីរនាក់នេះ បានកាត់រាល់គ្រប់ផ្លែទំពាំងបាយជូទាំងអស់ដែលមាន។

លោក Skender Hasa និងអ្នកស្រី Shams Alsubaiy

ចំណែកខាងផ្សារទំនើប Woodsworth បានបញ្ជាក់តាមសេចក្ដីថ្លែងការណ៍មួយថា ខ្លួនបានទទួលដំណឹងនេះហើយ ហើយនឹងផ្ដល់កិច្ចសហការណ៍ទៅអាជ្ញាធរ ដើម្បីស៊ើបអង្កេតរឿងនេះ។

នេះមិនមែនជាករណីទីមួយ ដែលប្រទេសអូស្រ្ដាលីកើតមានករណីផ្លែឈើមានបង្កប់កូនម្ជុលដែលធ្វើឱ្យមានគ្រោះថ្នាក់ដល់អ្នកបរិភោគឡើយ។ កាលពីខែកញ្ញា ឆ្នាំ២០១៨ នេះ អូស្រ្ដាលី ក៏មានករណីរកឃើញកូនម្ជុលចំនួន២០០ដើម ដែលត្រូវបានគេបង្កប់ក្នុងផ្លែស្ដូវបេរី ហើយបញ្ហានេះ បានធ្វើឱ្យផ្សារទំនើបធំៗជាច្រើន បានសម្រេចប្រមូលផ្លែស្ដូវបេរីទាំងអស់ពីកន្លែងតាំងលក់មកវិញ។ម្ពុលក្នុងផ្លែស្ដូវបេរីនេះ ក៏ត្រូវបានអ្នកខ្លះលើកឡើងថា ជាទង្វើភេរវកម្ម។

នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៨ ស្រ្ដីអាយុ៥០ឆ្នាំម្នាក់ដែលធ្វើការងារនៅក្នុងកន្លែងដាំផ្លែស្ដូវបេរីមួយកន្លែង ត្រូវបានចាប់ខ្លួនហើយជាប់ចោទពីបទធ្វើឱ្យផ្លែឈើផ្ទុកជាតិពុល៕

ប្រភព៖ Channel NewsAsia