កញ្ញា ថូង ធីតា

ប្រជាជនខ្មែរកំពុងតែជជែកគ្នាយ៉ាងផុសផុលនៅលើបណ្តាញសង្គម អំពីការនាំចូលអំបិលចិន ក្រោយពីអំបិលរបស់ប្រទេសនេះ បានដឹកមកដល់កំពង់ផែនៅក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៨។ ភាគច្រើននៃការលើកឡើងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ គឺបានប្រតិកម្មថា មិនគួរកម្ពុជា ធ្វើអំបិលខ្លួនឯងមិនកើត ដល់ថ្នាក់ទិញអំបិលពីចិនមកបរិភោគនោះទេ។

អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយរូបដែលមានឈ្មោះថា Da Kaoen បានលើកឡើងយ៉ាងដូច្នេះថា៖«អំបិលក៏នាំចូលដែរលោក!អត់ដឹងនិយាយថា មេចទេលោកអើយ! មិនបាច់ទៅប្រៀបធៀបជាមួយថៃ សូម្បីវៀតណាម មិនស្មើរចុងក្រចកគេផង។ស្ដាយប្រទេសដ៍ល្អ មិនដែលមានខ្យល់ព្យុះកំណាច រំជួយដី ធ្លាក់ព្រិលទេ ហេតុអីប្រទេសនេះក៏យ៉ាប់មេ្លះ»។

សុខជា បញ្ញា ជាឈ្មោះរបស់អ្នកប្រើបណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀត ដែលបានបញ្ចេញយោបល់ហួសចិត្តករណីនាំចូលអំបិលពីប្រទេសចិននេះដែរ។ លោក បានបរិយាយយ៉ាងនេះថា៖« អស់ទាស់ហ្មង! ជាប្រទេសមានសមុទ្រនឹងគេដែរ តែត្រូវនាំចូលអំបិលពីប្រទេសគេវិញ។ តើមកពីគេមានជំនាញ ឯយើងគ្នានជំនាញឬ? ហួសថ្លែងហើយ»។​

បន្ទាប់ពីការជជែកយ៉ាងសកម្មអំពីបញ្ហាអំបិលរបស់ចិននៅលើបណ្តាញសង្គមនានាកញ្ញា ថូង ធីតា ស្ថាបនិកសិប្បកម្មផលិត និងវេចខ្ចប់ផ្កាអំបិល និងអំបិលអនាម័យ ថូងអ៊ិនធ័រប្រាយស៍ ក្នុងទឹកដីខេត្តកំពត ចង់ឃើញប្រជាជនខ្មែរ នាំគ្នាគាំទ្រអំបិលខ្មែរដើម្បីលើកទឹកចិត្តដល់កសិករខ្មែរ ដែលកំពុងផលិតអំបិល។

កញ្ញា ធីតាដែលជាសហគ្រិនឆ្នើមវ័យក្មេងរូបនេះបានសរសេរសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃនេះ យ៉ាងខ្លីបែបនេះថា៖«ប្រជាជនកំពុងជជែកអំពីអំបិលរបស់ចិន។តែអ្វីដែលយើងអាចធ្វើបាន គឺនាំគ្នាគាំទ្រ នូវផលិតផលកសិកររបស់យើង។ការគាំទ្ររបស់អ្នកទាំងអស់គ្នា ជាគន្លឹះក្នុងការទឹកចិត្តពួកគេ ឲ្យបន្តការអនុវត្តនិងការពារនូវសហគ្រាសអំបិលនៅក្នុងប្រទេសកម្ពុជា»។

សូមបញ្ជាក់ថា អំបិលចំនួន ៥ ០០០ តោន ​ក្នុង​ចំណោម​បរិមាណ​សរុប​បាន​ដឹកមក​ដល់​កំពង់ផែ​ហើយ SPCKK កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ហើយពេលនេះ កំពុង​ដំណើរការ​នីតិវិធី​ឡូជីស្ទីក​។ នេះ​បើ​​​តាម​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត (SPCKK)​ ដែលបានថ្លែងបា្រប់កាសែតភ្នំពេញប៉ុស្តិ៍។ អំបិល​នាំ​ចូល​នេះ​មាន​ថ្លៃ ៩០ដុល្លារ​ក្នុង​មួយ​តោនហើយ​បន្ទាប់ពី​ការទូទាត់​ការចំណាយ​លើ​ឡូជីស្ទីក​តម្លៃ​នឹង​កើន​ដល់​ជាង ១០០ដុល្លារ​ក្នុង​មួយ​តោន​។ ​​​តាម​លោក ប៊ុន បារាំង មុន​ពេល​នាំ​ចូល​នេះតម្លៃ​អំបិល​កើនឡើង​ដល់ ៧៥ ដុល្លារ​ក្នុង​មួយ​តោន​នៅ​ឆ្នាំ​នេះ​ធៀប​នឹង ៥២ដុល្លារ​កាលពី​ឆ្នាំ​មុន ដោយសារ​តែ​កង្វះ​អំបិលនិង​ការផលិត​ធ្លាក់​ចុះ​ដោយសារ​តែ​ទឹកភ្លៀង​។ នេះ​គឺជា​ការ​នាំចូល​លើក​ទី ២ ហើយបន្ទាប់ពី​មាន​ការ​ចំណាយ​លើក​មុន ២,២ លាន​ដុល្លារ​សម្រាប់​ការនាំ​ចូល​អំបិល ២០ ០០០តោន​មកពី​ប្រទេស​ចិន​នៅ​ឆ្នាំ​ ២០០៩​៕