លោក ស៊្រុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជាបានលើកឡើងថា ថ្វីត្បិតមកដល់ពេលនេះ ក្នុងចំណោមកសិកដ្ឋានចិញ្ចឹមជ្រូកទាំងអស់ជាង៦រយនៅកម្ពុជា ពុំទាន់មានកសិដ្ឋានណាមួយត្រូវឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិកនិងត្រូវប្រឈមនឹងការខាតបង់ប្រាក់ក្ដី ប៉ុន្តែនៅពេលខាងមុនដ៏ខ្លី ជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ នឹងរាលដាលពីការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារ ទៅដល់ការចិញ្ចឹមជ្រូកលក្ខណៈកសិដ្ឋានជាក់ជាមិនខាន។

បើតាមលោក ស៊្រុន ពៅ មកដល់ពេលនេះ ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដែលកំពុងរាលត្បាតខ្លាំងនៅកម្ពុជា គឺមិនទាន់ធ្វើឱ្យកសិកម្មណាត្រូវឆ្លងជំងឺនេះនៅឡើយទេ ព្រោះការផ្ទុះកន្លងមកនៅខេត្តរតនគីរី ត្បូងឃ្មុំ ស្វាយរៀង តាកែវ និងខេត្តកណ្ដាល គឺធ្វើឱ្យប៉ះពាល់និងខាតបង់ចំពោះការចិញ្ចឹមជ្រូកលក្ខណៈគ្រួសារប៉ុណ្ណោះ។ លោកបញ្ជាក់ដូច្នេះថា៖« វាមិនខុសអីចំពោះការផ្ទុះឡើងនៅចិននិងវៀតណាមទេ មុនដំបូងគឺផ្ទុះឡើងនៅតាមការចិញ្ចឹមលក្ខណៈគ្រួសារ ហើយឆាប់ៗ វានឹងធ្វើឱ្យប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូកបន្ថែមទៀត។ បើគិតទៅ ក្នុងចំណោមកសិដ្ឋានទាំងជាង៦រយហ្នឹងនៅកម្ពុជា គឺចិញ្ចឹមជ្រូកចាប់ពី៥០០ក្បាលឡើងទៅ ហើយក្នុងមួយក្បាលគឺមានតម្លៃចាប់ពី២រយដុល្លារ អ៊ីចឹងបើត្រូវឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិក នឹងធ្វើឱ្យម្ចាស់កសិកម្មទាំងនោះ ត្រូវខាតបង់ច្រើនណាស់ ប្រសិនបើរដ្ឋាមិនអាចជួយបានខ្លះទេនោះ»។

ការលើកឡើងរបស់លោក ស៊្រុន ពៅ បន្ទាប់ពីលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលបានអះអាងថាកាលពីថ្ងៃព្រហស្បតិ៍ទី១១កក្កដានេះ ថា រដ្ឋាភិបាលគ្មានគោលការណ៍ដើម្បីចេញថ្លៃសងទៅឱ្យពលរដ្ឋដែលត្រូវខាតបង់ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិកឡើយ ព្រោះកម្ពុជា គឺជាប្រទេសគោរពគោលការណ៍ទីផ្សារសេរី។ សូមបញ្ជាក់ថា មកដល់ពេលនេះ មានជ្រូកប្រហែល២ពាន់៦រយក្បាលហើយបានងាប់ដោយសារជំងឺប៉េស្ដជ្រូកអាហ្វ្រិក ដែលក្នុងនោះប្រហែល៧រយក្បាលត្រូវបានសម្លាប់ចោល ខណៈជំងឺប៉េស្ដជ្រូកអាហ្វ្រិកបានរាលដាល់ដល់ស្ទើរគ្រប់ខេត្តទាល់ដែនជាមួយប្រទេសវៀតណាម ប៉ុន្តែក្រសួងកសិកម្មបានអះអាងថា ការឆ្លងនេះ មិនមែនដោយសារមានការនាំជ្រូកចូលខុសច្បាប់ពីវៀតណាមឡើយ៕