ក្រសួង​សុខា​ភិ​បាល​ប្រទេស​ម៉ា​ឡេ​ស៊ី បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​ទី​២​មីនា​ថា ខ្លួន​កំពុង​ស៊ើប​អង្កេត​ព័ត៌​មាន ដែល​ថា​អតីត​មន្រ្តី​ជាន់​ខ្ពស់​ចំនួន​២​នាក់ អាច​នឹង​ប៉ះ​ពាល់​ជា​មួយ​អ្នក​ជំងឺ​ផ្ទុក​វីរុស​COVID​-​១៩ ពេល​កំពុង​បំពេញ​មុខ​ងារ​។

ក្រសួង​សុខា​ភិបាល​បាន​សំដៅ​ទៅ​លើ​ព័ត៌​មាន​ ដែល​ផ្សាយ​លើ​បណ្តាញ​សង្គម អំពី​បុគ្គល​ល្បី​ឈ្មោះ​ពីរ​នាក់ ដែល​ត្រូវ​បាន​គេ​និយាយ​ថា អាច​ឆ្លង​វីរុស​Covid​-​19​។

អគ្គ​នាយក​សុខា​ភិ​បាល​នៃ​ក្រសួង​សុខា​ភិ​បាល​ម៉ា​ឡេ​ស៊ី​លោក Noor Hisham Abdullah បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា​៖​«​បញ្ហា​នេះ​កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ហើយ​វិធាន​ការ​សម​ស្រប​នឹង​ត្រូវ​អនុ​វត្ត​»​។

សេចក្តី​ថ្លែង​ការណ៍​នេះ​មិន​បាន​បញ្ជាក់​ពី​បុគ្គល​ដែល​មាន​ការ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​អតីត​រដ្ឋ​មន្រ្តី​ម្នាក់​បាន​ប្រាប់​ខាង​សារ​ព័ត៌​មាន​ថា គាត់​បាន​ធ្វើ​តេស្ត​អវិជ្ជ​មាន​ចំពោះ​វីរុស​នេះ ខណៈ​អតីត​អនុ​រដ្ឋ​មន្ត្រី​ម្នាក់​ទៀត​បាន​និយាយ​ថា លទ្ធ​ផល​ធ្វើ​តេស្ត​របស់​គាត់​នឹង​ចេញ​នៅ​ថ្ងៃ​ពុធ​។

កាល​ពី​ថ្ងៃ​ច័ន្ទ​ទី​២៤​កុម្ភៈ រដ្ឋ​មន្រ្តី​ម៉ា​ឡេ​ស៊ី​ទាំង​អស់ បាន​ចុះ​ចេញ​ពី​តំណែង បន្ទាប់​ពី​លោក​បណ្ឌិត Mahathir Mohamad បាន​លា​លែង​ពី​នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេ​ស៊ី​៕

ប្រភព៖CNA