១) អ្វីទៅជាជំងឺឬសដូងបាត?
ជំងឺឬសដូងបាតគឺជាជំងឺដែលកើតឡើងដោយសារការរីកប៉ោងនៃសរសៃឈាម ដែលមាននៅជុំវិញក្រសាលគូថ។ គេសង្កេតឃើញថា ជំងឺឬសដូងបាតជាមូលហេតុចម្បងទី១ ដែលនាំឲ្យអ្នកជំងឺមកពិគ្រោះជាមួយគ្រូពេទ្យ ចំពោះបញ្ហាផ្នែកក្រសាលគូថ។ ជំងឺឬសដូងបាតនេះមិនអាចវិវត្តទៅជាជំងឺមហារីកបាននោះទេ។

២) តើជំងឺឬសដូងបាតមានប៉ុន្មានប្រភេទ?
ជំងឺឬសដូងបាតមាន ២ប្រភេទគឺ៖
– ឬសដូងបាតក្នុង: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតខាងក្នុងរន្ធគូថ
– ឬសដូងបាតក្រៅ: ជាជំងឺដែលកើតឡើងលើសរសៃឈាមឬសដូងបាតនៅខាងក្រៅរន្ធគូថ

៣) តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យកើតមានជំងឺឬសដូងបាត?
មានកត្តាជាច្រើនដែលបណ្តាលឲ្យមានជំងឺនេះកើតឡើង ដែលមានដូចជា៖
– បញ្ហានៃការបន្ទោរបង់លាមក: ការទល់លាមកជាញឹកញាប់ ឬការរាគខ្លាំង
– ស្ត្រីមានគភ៌ និងស្ត្រីក្រោយសម្រាល
– បញ្ហាដុំនៅអាងត្រគាក ឬទាចទឹក ដែលធ្វើឲ្យមានសម្ពាធខ្លាំងទៅលើសរសៃឈាមឬសដូង

៤) តើជំងឺឬសដូងបាតមានរោគសញ្ញាអ្វីខ្លះ?
អ្នកជំងឺអាចមានរោគសញ្ញាដូចជា បន្ទោរបង់លាមកមានឈាម លានឬសដូងចេញមកក្រៅ ការឈឺចាប់នៅក្រសាលគូថ ។

ក. ចំពោះឬសដូងបាតខាងក្នុងមានរោគសញ្ញាជា ៤ដំណាក់កាល ៖
– ដំណាក់កាលទី១: អ្នកជំងឺបន្ទោរបង់លាមកមានឈាមក្រហមស្រស់។
– ដំណាក់កាលទី២: ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ តែចូលវិញដោយខ្លួនឯង។
– ដំណាក់កាលទី៣: ពេលបន្ទោរបង់ អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅតែចូលវិញ ដោយយកដៃរុញបញ្ចូល។
– ដំណាក់កាលទី៤: អ្នកជំងឺមានអារម្មណ៍ថាមានអ្វីលៀនចេញមកក្រៅ ដោយមិនចូលវិញទេ ទោះបីរុញក៏ដោយ

ខ. ចំពោះឬសដូងបាតក្រៅ ៖
អ្នកជំងឺមានអារម្មណ៍ថា មានដុំមួយឬច្រើននៅក្រសាលគូថ ដែលដុំនោះមានការឈឺចាប់ខ្លាំង ហើយអាចមានឈាមនៅពេលដែលដុំនោះបែក។ ចំពោះរោគសញ្ញានេះ យើងត្រូវប្រយ័ត្នជាមួយនឹងជំងឺបូសនៅជុំវិញរន្ធគូថ។
* សំគាល់: ការបន្ទោរបង់លាមកមានឈាម មិនមែនសុទ្ធតែបណ្តាលមកពីជំងឺឬសដូងបាតទេ គឺអាចមានបញ្ហានៅពោះវៀនធំដូចជា មហារីកពោះវៀនធំ ឬដំបៅនៅពោះវៀនធំ ដូចនេះអ្នកជំងឺត្រូវមកជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសដើម្បីធ្វើការពិនិត្យឲ្យបានត្រឹមត្រូវ។

៥) តើមានវិធីអ្វីខ្លះដើម្បីព្យាបាលជំងឺឬសដូងបាត?
ក. ចំពោះបញ្ហាឬសដូងបាតខាងក្រៅ៖
អ្នកជំងឺអាចត្រូវបានព្យាបាលដោយប្រើថ្នាំគ្រាប់បំបាត់ហើម និងបំបាត់ការឈឺចាប់រួមទាំងថ្នាំបន្ទន់លាមក ក្នុងពេលជាមួយគ្នានោះអ្នកជំងឺអាចប្រើក្រែម (Crème) សំរាប់លាបលើដុំនោះ។ ពេលខ្លះគ្រូពេទ្យអាចធ្វើការកាត់យកកំណកឈាមនៃឬសដូងក្រៅនោះចេញ បើសិនជាដុំឬសដូងបាតក្រៅមិនហើមខ្លាំង ហើយមានតែមួយដែលធ្វើឲ្យអ្នកជំងឺបានធូរស្បើយពីការឈឺចាប់ភ្លាមៗ។

ខ. ចំពោះបញ្ហាឬសដូងបាតក្នុង៖
ការព្យាបាលចម្បងគឺការព្យាបាលទៅលើបញ្ហាបន្ទោរបង់លាមកមានដូចជាការទល់លាមកឬការរាគ។
មានឧបករណ៍ ៣យ៉ាង ដែលអាចព្យាបាលជំងឺឬសដូងបាតមានដូចជាៈ
– ការដុតកំដៅ(Infrarouge photocoagulation)
– ការចាក់ (Sclérothérapie)
– ការចង (Ligature)

ការព្យាបាលដោយឧបករណ៍ អាចអាស្រ័យទៅលើដំណាក់កាលរបស់រោគសញ្ញាឬសដូងបាតៈ
• ដំណាក់កាលទី ១ : អាចព្យាបាលដោយការដុតកំដៅឬការចាក់
• ដំណាក់កាលទី ២ និងទី៣ : អាចព្យាបាលដោយការចង
• ចំពោះការវះកាត់ឬសដូងបាត គឺធ្វើឡើងចំពោះឬសដូងបាតនៅកម្រិតទី ៤ ឬ ឬសដូងបាតដែលបរាជ័យក្នុងការព្យាបាលដោយឧបករណ៍ទាំង៣ ខាងលើ ។

៦) តើមានវិធីអ្វីខ្លះដែលអាចបង្ការជំងឺឬសដូងបាត?
កត្តាមួយចំនួនដែលអាចការពារជំងឺឬសដូងបាត មានដូចជា៖
– អ្នកជំងឺត្រូវពិសារបន្លែ និងពិសារទឹកឲ្យបានច្រើន
– លំហាត់បា្រណជាប្រចាំ
– មិនត្រូវបន្ទោរបង់លាមកដោយប្រើរយៈពេលយូរ
– មិនត្រូវប្រឹងខ្លាំងពេលបន្ទោរបង់

* បញ្ជាក់៖ ជំងឺឬសដូងបាត មិនមែនជាជំងឺកាចសាហាវទេ វាគ្រាន់តែរំខានដល់អ្នកជំងឺ ប៉ុន្តែអ្នកជំងឺត្រូវជួបពិគ្រោះជាមួយគ្រូពេទ្យឯកទេសឲ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាពិតជាជំងឺឬសដូងបាតមែន ហើយការព្យាបាលទៀតសោតត្រូវព្យាបាលឲ្យបានត្រឹមត្រូវ ព្រោះវាអាចបង្កឲ្យមានផលវិបាកក្រោយព្យាបាល ដូចជាការព្យាបាលដោយការចាក់ បើសិនជាព្យាបាលមិនត្រឹមត្រូវទេអ្នកជំងឺអាចមានដំបៅនៅរន្ធគូថឬអាចត្បៀតក្រសាលគូថដែលជាបញ្ហាធ្ងន់ធ្ងរ។

“ព្យាបាលទាន់ពេលវេលា ដោយគ្រូពេទ្យជំនាញ នាំមកនូវការសះស្បើយឆាប់រហស័ !”

ប្រភពមន្ទីរពេទ្យកាល់ម៉ែត្រ