​«ដែនដី​ខ្មែរ​ប្រែ​ថា​សុវណ្ណ​ភូមិ» ពាក្យ​នេះអាចមានន័យថា​ដី​ខ្មែរ​ជា​ដី​មាស ជាដី​ប្រាក់ ជា​​ដី​ល្អ ជាដី​មាន​ជីជាតិ ដាំ​អ្វី​ក៏​ដុះ ដាំ​អ្វី​ក៏បាន ​ពេល​ដាំ​បាន​ផល ​ផល​នោះ​ហើយ​ជា​មាស ​ជា​ប្រាក់​។

​ប៉ុន្តែ​កាន់តែ​យូរៗ​ទៅ ដី​សុវណ្ណ​ភូមិ​នេះ ហាក់ដូចជា​កាន់តែ​ទំនេរ​ទៅៗ ទំនេរ​រហូត​ដី​ខ្លះ​មាន​ជីជាតិ តែ​បែរជា​ព្រៃ​ដុះ​ញុ​ក រក​អ្នកធ្វើ​ស្រែ ​ធ្វើ​ស្រូវ ​ដាំ​អំពៅ​ ដាំ​បន្លែ​គ្មាន​។ អ្នកស្រែ​រត់​ចូល​ក្រុង នាំ​ឲ្យ​អ្នកក្រុង​រក​ដំណាំរបស់​អ្នកស្រែ​ហូប​សឹង​មិនបាន​។​

​អ្នកស្រុក ​អ្នកស្រែ​ខ្លះ ថែមទាំងរ​ត់ទៅ​ស៊ីឈ្នួល​នៅ​ស្រុក​គេ​ទៀត​។ ពួកគាត់​ហាក់ដូចជា​លែង​ឲ្យ​តម្លៃ​ដី​​ម៉ែ ដីឪ​ចែក​ឲ្យ​ហើយ ចង់​ដី​នោះ ​ជា​ដី​ល្អ ​ធ្វើស្រែ​ចិញ្ចឹម​គ្រួសារ​ច្រើន​ដំណរ​ក៏ដោយ​។

​អ្នក​រត់​ទៅ​ស្រុក​គេខ្ លះ​ចោល​ដីស្រែ​ដីចំការ​នៅ​ខ្មែរ តែ​ពេលទៅដល់​ស្រុក​គេ បែរជាធ្វើជាអ្នក​ស៊ីឈ្នួល​ដាំ​បន្លែ​ថែរ​ច្បារ​ដំណាំ​ឲ្យគេដដែល​។ ដូចនៅ​ស្រុកថៃ​ជាដើម ខ្វះ​អ្វី​ខ្មែរ​រត់ចោល​ស្រែ រត់ចោល​ចំការ​ពី​ស្រុក តែ​ទៅ​ជុំគ្នា​ធ្វើ​ចំការ​នៅ​ស្រុកថៃ​។

​យ៉ាងណាក៏ដោយ​ នេះ​ជា​ជម្រើស​របស់​មនុស្ស​។ ប៉ុន្តែ​គ្រប់គ្នា​មិនគួរ​មើលរំលង​ដែនដី​សុវណ្ណ​ភូមិ​របស់​ដូនតា​ឡើយ​។ ហេតុអ្វី​យើង​ទុក​ដីស្រែ ​ដីចំការឲ្យនៅ​ទំនេរ​ចោល ហើយ​នាំគ្នាទៅ​ទិញ​បន្លែ​ផ្លែឈើ​ពី​បរទេស​មក​ហូប​​បើដឹងថាទិញ​ទាំង​ភ័យខ្លាច​ស្លាប់​ដោយសារ​ថ្នាំ​គីមី​ទៀតនោះ?​

​និយាយ​ដល់​ចំណុច​នេះ កុំថាឡើយ​ដីស្រែ ​ដីចំការ​រាប់​អា ​រាប់​ហិកតា អ្នកស្រុក ​អ្នកស្រែ​ខ្លះ រកតែ​ស្លឹកគ្រៃ ​ស្ពៃ​ជីរ​ណា​ ច្បារ​ខ្ទឹម​មួយ​គុម្ព​គ្មាន​ក្បែរ​ផ្ទះ​ផង​។ ពេល​ធ្វើ​ម្ហូបម្ដងៗ​ត្រូវការ​របស់​អស់ទាំង​នេះ បានត្រឹម​ដើរទៅ​ផ្ទះ​ញាតិទៅផ្ទះ​មិត្ត។

​ដូចជា​មិន​ពិបាក​សោះ បើ​ថា​មិនអាច​មានលទ្ធភាព​ដាំ​លក់ ​ដាំ​ដូរ យ៉ាងហោចណាស់​ហេតុអ្វី​គ្រាន់តែ​ដាំ គ្រាន់តែ​ដុះ ​ដើម្បី​ចិញ្ចឹម​ឆ្នាំង​គ្រួសារឯង​មិនបាន​? ហេតុអ្វី​មួយថ្ងៃៗ​​ភ័យ​ព្រួយ​រឿង​បន្លែ​គីមី តែ​បន្លែ​គីមី​លក់​អស់​រាប់​តោន​ជា​រៀងរាល់ថ្ងៃ? ព្រោះ​នៅតែមាន​អ្នក​ហូប​។​

​យ៉ាងណាក៏ដោយ នេះ​ក៏អាចជា​ឱកាស​មាស​ហុច​ឲ្យ​ហើយ ព្រោះ​ទន្ទឹមនឹង​គេ​ភ័យ​រឿង​បន្លែ​គីមីនោះ អ្នកទទួល​ទាន​ក៏​ចាប់ផ្ដើម​ផ្ដល់​តម្លៃ​ដល់​បន្លែ​សេរី​រា​ង្គ​ដែរ​។ ប៉ុន្តែ​ហេតុអ្វី អ្នក​ដាំ​បន្លែ​ផ្លែឈើ​តាមបែប​សេរី​រា​ង្គ​នៅតែមានចំនួន​តិច​ទៅវិញ?

​បើថាដាំ​​គ្មាន​ទៅ​ផ្សារទៅ ក្រែង​ថា​ខ្ចិ​ល​ធ្វើ ទុកពេល​ផឹក​ស្រា រក​ចៃ ឬនិយាយដើម​គ្នា​តាមរបៀប​ស៊ី​ត្រាវ​ ប៉ុន្តែ​នេះ​ដាំ​បានផលត្រូវ​គេ​ព្រួត​ទិញ​លក់​សឹង​មិនទាន់ឲ្យ​តែ​ច្បាស់​ថា​ជា​បន្លែ​ធម្មជាតិ​។ ហេតុអ្វី​មិន​នាំ​គ្នា​ដាំ។​

​ដូច្នេះ​សូម​បងប្អូន​ខ្មែរ ឆ្លៀតពេល​យ៉ាងហោចណាស់ ដាំ​ឲ្យ​បាន​នូវ​បន្លែ​ធម្មជាតិ​ងាយ​ដាំ​មួយចំនួន​នៅក្បែរៗ​ផ្ទះ ដើម្បី​បំពេញតម្រូវការ​ផ្នែក​អាហារ​មួយចំណែក ដូចជា​ជី ស្លឹកគ្រៃ ខ្ទឹម ម្ទេះ រមៀត ខ្ជាយ រំ​ដែង​។

​បើ​អាចសូម​រៀបចំ​ដី​​៤​ម៉ែត្រ​បួន​ជ្រុង ហើយ​ដាំ​ស្ពៃ ដាំត្រកួន ដាំប៉េងប៉ោះ ឬ​បន្លែ​ផ្សេងៗទៀត​។ បើ​ធ្វើបានអ្នក​មិន​ត្រឹមតែ​មិនខ្វះ​វា​ហូប​ទេ ប៉ុន្តែ​អ្នកនឹង​ក្លាយជា​កសិករមានគំរូ​ល្អ​ដល់​អ្នកភូមិ ព្រោះ​មនុស្ស​ខ្មែរ​ចាំមើល​តែ​គ្នា​ទេ ឲ្យ​តែ​ឃើញ​គេ​ធ្វើ​អ្វី​ទំនង ធ្វើ​អ្វី​បាន ងាយ​នឹង​ធ្វើតាម​ណាស់​។​

​ដីចំការ​តូចធំ​នៅក្បែរ​ប្រភពទឹក សូម​បងប្អូន​កុំ​ទុក​ឲ្យ​នៅ​ទំនេរ​ចោល សូម​សាកល្បង​ចាប់ផ្ដើម​ដាំ​បន្លែ​ធម្មជាតិ អាច​ប្រើ​ក្បួន​បុរាណ មាន​ជី​លាមក​សត្វ និង​ជី​ត្រៀ​ង​ខេ​ត្រ​ជាដើម​។ ហើយ​បើអាច ​សូម​ទាក់ទង​មន្ទីរ​កសិកម្ម​ដើម្បី​ស្នើសុំ​បច្ចេកទេស​ដាំតាម​បែប​ធម្មជាតិ។​

​ធ្វើដូច្នេះបាន ដ្បិតថា​មិនអាច​នាំយកទៅ​លក់​ដល់​ស្រុក​គេ តែ​យ៉ាងហោចណាស់ផ្គត់ផ្គង់​តែ​ក្នុង​មូលដ្ឋាន​ក៏​សឹងតែ​មិនគ្រប់​ដែរ​ ព្រោះ​ដោយសារតែ​ភាពសម្បូរ​បែប​នៃ​ព័ត៌មាន ​ពលរដ្ឋ​ខ្មែរ​ដឹង​ទាំងអស់គ្នា​ហើយពី​ផលវិបាក​នៃ​បន្លែ​គីមី គ្រាន់តែ​ពួកគាត់​ពិបាក​រក​បន្លែ​ធម្មជាតិ​ហូប​ប៉ុណ្ណោះ​៕