ភ្នំពេញ៖ យោងតាម​របាយការណ៍​ស្តីពី​កំណើនសេដ្ឋកិច្ច​កម្ពុជារ​បស់មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​ (IMF) ដែលបានចេញផ្សាយ​កាលពី​ថ្ងៃទី ០៩ តុលា បានព្យាករណ៍​ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា​នឹង​បន្ត​ភាពខ្លាំង​ត្រឹមតែ​រយៈពេល ២-៣ ឆ្នាំ​ទៀតប៉ុណ្ណោះ មុននឹង​ធ្លាក់​ចុះមក​នៅត្រឹម​ប្រហែល ៦% សម្រាប់​រយៈពេល​មធ្យម ដោយសារ​ការខ្សោយនៃ​កំណើន​ផលិតភាព និង​ភាពចាស់ទុំ​នៃ​វដ្ដ​ឥណទាន និង​អចលនទ្រព្យ។

មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បាន​ព្យាករណ៍ទៀត​ថា ការរីកចម្រើន​វិស័យ​អចលនវត្ថុ​កម្ពុជា នឹង​ធ្លាក់ចុះ​ក្នុង​រយៈពេល៥ឆ្នាំ​ខាងមុខ ដែលការ​ព្យាករណ៍​នេះ មាន​សភាព​ផ្ទុយ​ពី​ការព្យាករណ៍​របស់​អ្នកវិនិយោគធំៗក្នុង​វិស័យនេះ។​

បើតាមតំណាង IMF ប្រចាំ​កម្ពុជា​លោក Jarkko Turunen បាន​មានប្រសាសន៍​​ថា ​វិស័យ​អចលនទ្រព្យ និង​សំណង់​គឺជា​កត្តា​ជំរុញ​ខ្លាំង​ដល់​កំណើនសេដ្ឋកិច្ច ប៉ុន្តែ​ក្នុងពេល៥ឆ្នាំ​ខាងមុខ ​វិស័យ​ផ្សេងទៀត នឹង​ក្លាយជា​កត្តា​ជំរុញ​កំណើន​ខ្លាំង​ជាង​វិស័យនេះ។

យោងតាម​របាយការណ៍​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ឲ្យ​ដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល៦ខែឆ្នាំ២០១៨ មានតម្លៃ​ប៉ាន់​ស្មាន២,១៥ ពាន់​លាន​ដុល្លារ៕