ការនេសាទដោយមុជទឹកទៅក្រោមបាតទន្លេ គឺជាការប្រឈមគ្រោះថ្នាក់បំផុត ហើយជួនកាលអាចឈានដល់បាត់បង់អាយុជិវិត។ ទោះជាមានប្រឈមយ៉ាងនេះក្ដី ការនេសាទរាវខ្ចៅខ្យងនិងលៀសនៅបាតទន្លេ គឺគ្រាន់តែអាចជួយដោះទល់ភាពខ្វះខាតក្នុងគ្រួសារបានមួយថ្ងៃៗប៉ុណ្ណោះ។

លោក កាវ ម៉ាត់ ជាអ្នកនេសាទរស់នៅតាមច្រាំងទន្លេបាសាក់ក្នុងទីក្រុងតាខ្មៅ បានរៀបរាប់ថា ជារៀងរាល់ថ្ងៃ លោកត្រូវចំណាយពេលជាងកន្លះម៉ោងដោយដកដង្ហើមនៅក្រោមបាតទន្លេដែលមានជម្រៅទឹកជាង១០ម៉ែត្រ ហើយនេះគឺជារបៀបរបស់លោកនិងអ្នកនេសាទដទៃទៀត ដើម្បីរាវរកខ្ចៅ ខ្យង លៀស និងគ្រុំជាដើម។

លោកពន្យល់ថា លោកបានចងខ្លួនភ្ជាប់នឹងដែកដើម្បីឱ្យមានទម្ងន់លិចបានយូរក្នុងទឹក ហើយបានខាំបំពងទុយោតូចមួយជាប់នឹងមាត់សម្រាប់ដកដង្ហើម ដែលបំពងទុយោនោះ បញ្ជូនខ្យល់ចេញពីម៉ាស៊ីននៅលើទូក។ លោកបន្តថា ប្រសិនបើម៉ាស៊ីនបញ្ជូនខ្យល់នោះរលត់ដោយចៃដន្យ ស្របពេលលោកកំពុងស្ថិតក្នុងទឹកជ្រៅនិងមានចងផ្ជាប់ខ្លួនជាមួយដែកដ៏ធ្ងន់បែបនេះ ហើយមិនអាចងើបឡើងមកវិញទាន់ពេលទេ នោះនឹងអាចធ្វើឱ្យលោកមានគ្រោះថ្នាក់ដល់ជីវិតដោយសារការថប់ដង្ហើមយូរពេក។

បុរសដែលកូនចំនួន៦នាក់រូបនេះបញ្ជាក់ទៀតថា ក្នុងមួយថ្ងៃ លោកអាចមុជទឹករាវខ្ចៅបាន៣ទៅ៤ដង ប៉ុន្តែការនេសាទបែបនេះ គ្រាន់តែអាចដោះស្រាយបញ្ហាខ្វះខាតក្នុងគ្រួសារប៉ុណ្ណោះ និងមិនអាចសល់ប្រាក់សម្រាប់កូនទៅរៀនសូត្រដូចគេឯងឡើយ។

អ្នកនេសាទខ្មែរ-អ៊ីស្លាមរូបនេះបន្ថែមថា ខ្ចៅ ខ្យង លៀស មានច្រើនបំផុតនៅកណ្ដាលទន្លេ ហើយរបៀបមុជទឹកប្រថុយនឹងគ្រោះថ្នាក់នេះ មិនមែនសុទ្ធតែអ្នកនេសាទទាំងអស់ហ៊ានធ្វើឡើយ។ លោកថា ដៃជើងរបស់លោកតែងដាច់ចេញឈាមចេញជានិច្ច ដោយសារកម្ទេចអំបែកដែលកប់ក្នុងភក់បាតទន្លេ។

ក្រុមអ្នកនេសាទទាំងនេះ អះអាងថា ចាប់ពីខែ១១ រហូតដល់ខែ៥ គឺជារដូវដែលពួកគាត់អាចរកខ្ចៅនិងលៀសបានច្រើនបំផុត ហើយចាប់ពីខែ៦ រហូតដល់ខែ១១វិញ គឺជារដូវដែលត្រូវនេសាទត្រីវិញម្ដង។ ពួកគាត់បញ្ជាក់ថា ប្រសិនបើទឹកទន្លេឡើងខ្លាំងដូចឆ្នាំ២០១៨នេះ គឺគ្មានត្រីរកបានលក់ឡើយ និងមានតែទៅដើររើសអេតចាយ ឬទៅធ្វើសំណង់បណ្ដោះអាសន្នសិន៕