មិននៅស្ងៀមនោះឡើយ ក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រកាសតវ៉ាតាមផ្លូវច្បាប់ ប្រឆាំងនឹងសេចក្តីសម្រេចរបស់សហភាពអឺរ៉ុប ដែលយកពន្ធអង្ករពីកម្ពុជា។ ក្រសួងមួយនេះ យល់ថា វិធានការនេះ បីដូចជាអាវុធសម្លាប់កសិករខ្មែរ។

សេចក្តីថ្លែងការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលរៀបរាប់ពីក្តីសោកស្តាយ និងខឹងសម្បារនឹងការសម្រេចយកពន្ធលើការនាំចូលអង្កររបស់សហភាពអឺរ៉ុបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី ១៧ ខែមករា។ ក្រសួងមួយនេះ មិនសុខចិត្តឡើយ និងប្រកាសតវ៉ាជាមួយសហភាពអឺរ៉ុប។ 

សេចក្តីថ្លែងការណ៍ដដែលនោះ បានលើកឡើងយ៉ាងនេះថា៖« ក្រសួងពាណិជ្ជកម្ម កំពុងពិនិត្យផ្ទៀងផ្ទាត់សេចក្តីសម្រេចនេះ ដោយផ្អែកលើទិដ្ឋភាពច្បាប់ និងវិធានពាណិជ្ជកម្មអន្តរជាតិ ដើម្បីបន្តធ្វើការតវ៉ាជាមួយសេចក្តីសម្រេច ដែលប្រជាជនកម្ពុជាយល់ថា ជាសេចក្តីសម្រេចដែលគ្មានសុក្រឹតភាព និងសច្ចភាពសង្គម និងសេដ្ឋកិច្ច»។

ក្រសួងពាណិជ្ជកម្ម ដែលអះអាងថា ស្ថាប័នខ្លួនតំណាងឲ្យប្រជាជនខ្មែរ ១៦ លាននាក់នោះ អំពាវនាវឲ្យគណៈកម្មការអឺរ៉ុបពិនិត្យឡើងវិញនូវការសម្រេចរបស់ខ្លួន ដោយផ្អែកលើវិធានពាណិជ្ជកម្មអន្តរជាតិ និងចំណងកិច្ចសហប្រតិបត្តិការល្អជាប្រពៃណីរវាងកម្ពុជា និងសហភាពអឺរ៉ុប។

ដោយរាប់ចាប់ពីថ្ងៃទី ១៨ ខែមករា នេះ តទៅ សហភាពអឺរ៉ុប ចាប់ផ្តើមយកពន្ធលើការនាំចូលអង្កររបស់កម្ពុជាជាផ្លូវការហើយ ក្នុងរយៈពេល ៣ ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការអឺរ៉ុប កាលពីថ្ងៃទី ១៦ ខែមករា។ 

បើតាមសេចក្តីប្រកាសព័ត៌មានដដែល រាល់ការនាំអង្ករចេញរបស់កម្ពុជាទៅកាន់បណ្តាប្រទេសសមាជិកអឺរ៉ុបចំនួន ២៨ នឹងត្រូវយកព័ន្ធក្នុងឆ្នាំដំបូង ពោលគឺឆ្នាំ ២០១៩ ក្នុងអង្ករមួយតោនប្រមាណ ២០០ ដុល្លារ និងឆ្នាំ ២០២០ ក្នុងមួយតោនប្រមាណ ១៧០ ដុល្លារ និងឆ្នាំ ២០២១ យកពន្ធ ១៤២ ដុល្លារ ក្នុងមួយតោន។ 

ការសម្រេចបែបនេះ ធ្វើឡើងក្រោយពីប្រទេសអ៊ីតាលី និងអេស្ប៉ាញ បានដាក់ពាក្យបណ្តឹងទៅកាន់សហភាពអឺរ៉ុប ឲ្យឈប់នាំចូលអង្ករពីកម្ពុជា ក្រោមហេតុផលថា ការឲ្យនាំចូលអង្ករកម្ពុជាទៅអឺរ៉ុប ប៉ះពាល់ដល់កសិកររបស់ប្រទេសទាំងនោះ។ ប្រទេសចំនួន៧ មានបារាំង អេស្បាញ ពរ័ទុយហ្គាល ហុងគ្រី ក្រិក ប៊ុលហ្ការី និងរ៉ូម៉ានី បានបោះឆ្នោតគាំទ្រវិធានការ ដែលជាហេតុឲ្យគណៈកម្មការនេះសម្រេចយកពន្ធពីកម្ពុជា។ 

សូមបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារធំបំផុតរបស់កម្ពុជា ក្នុងការនាំអង្ករចេញ។ ឆ្នាំ ២០១៨ កម្ពុជានាំចេញទៅកាន់អឺរ៉ុប ចំនួនជិត២៧ម៉ឺនតោន ពោលគឺស្មើនឹង៤២.៩៨ភាគរយនៃចំនួនអង្ករដែលបាននាំចេញសរុប។ 

មិនមែនតែកម្ពុជាមួយនេះទេដែលអឺរ៉ុបសម្រេចយកពន្ធអង្ករ នៅក្នុងតំបន់អាស៊ាននេះ ក៏មានប្រទេសមីយ៉ាន់ម៉ា ដែលត្រូវអឺរ៉ុបសម្រេចយកពន្ធដូចគ្នានឹងកម្ពុជាផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល។