ខេត្តកណ្តាល៖ អនាគតសហគ្រិនវ័យក្មេងកញ្ញា វត្ថា វិច្ឆិកា បានបង្កើត សិប្បកម្មខ្នាត តូចមួយ កែច្នៃប្រេងដូងធ្វើជាសាប៊ូធម្មជាតិសុទ្ធ មានគុណភាពល្អ និងបានរួម ចំណែកជួយសង្គមផ្តល់ការងារដល់ស្រ្តីនៅក្នុងភូមិកំពុងសំណាញ់ ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ តើហេតុអ្វីបានជាកញ្ញា វត្ថា វិច្ឆិកា យកប្រេងដូងធ្វើជា វត្ថុធាតុដើមផលិតចេញជាសាប៊ូ?

ដៃខ្មែរ គឺជាសិប្បកម្មខ្នាតតូចមួយ ដែលបានយកប្រេងដូងធ្វើជាវត្ថុធាតុដើម ផលិត ចេញជាសាប៊ូច្រើនប្រភេទ មានស្ថាបនិកជាស្រ្តីវ័យក្មេងម្នាក់ គឺកញ្ញា វត្ថា វិច្ឆិកា។

កញ្ញា វត្ថា វិច្ឆិកា បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ នាងបានកំព្រាឪពុកម្តាយតាំងពីអាយុ ១៤ឆ្នាំ។ នេះជាមូលហេតុដែលនាំឲ្យ វិច្ឆិកា បោះបង់ចោលការសិក្សាទាំងវ័យក្មេង។​

វិច្ឆិកា ជានារីម្នាក់ដែលមានការតស៊ូ ពុះពាឧបសគ្គជាច្រើន ទម្រាំដើរមកដល់ ចំណុចនេះ។ នាងមានទំនួលខុសត្រូវខ្ពស់ ទៅលើការងារអ្វីដែលខ្លួនបានធ្វើ។ តួយ៉ាងដូចជាសព្វថ្ងៃនេះ បើទោះបីជាមានការលំបាកយ៉ាងណា កញ្ញា វត្ថា វិច្ឆិកា បាននឹងកំពុងដំណើរការសិប្បកម្មខាតតូចមួយ ដោយមានភាពជឿជាក់។

ស្ថាបនិកដៃខ្មែរ កញ្ញា វិច្ឆិកា មានអាជីពការងារជាអ្នកដើរម៉ូដតាំងពីឆ្នាំ ២០០៩មក មុននឹងបង្កើតសិប្បកម្មកែច្នៃប្រេងដូងធ្វើជាសាប៊ូនេះឡើង។

អតីតកុមារី ដែលកំព្រាឪពុកម្តាយតាំងពីតូចកញ្ញា វិច្ឆិកា បានក្លាយជានារីរឹងមាំម្នាក់ ដែលអាចបង្កើតស្នាដៃកែច្នៃផលិតផលធម្មជាតិពីប្រេងដូង ឲ្យក្លាយទៅជាផលិតផល ថែរក្សាសុខភាព និងសម្រស់បានជាច្រើនប្រភេទ។ អ្វីដែលគួរឲ្យស្ងើចសរសើរនោះ ចំពោះសង្វាក់ផលិតកម្មភាគច្រើនគឺធ្វើដោយដៃ។

តាមរយៈគំនិតច្នៃប្រឌិតនេះ សូម្បីតែការវេចខ្ចប់ក៏ធ្វើដោយដៃទាំងអស់ ជាពិសេស គឺការស្វែងរកវត្ថុធាតុដើម។ ជាក់ស្តែង កញ្ញាបានយកដើមចេកដែលអ្នកភូមិដាំ កែច្នៃធ្វើ ជាក្រដាស ដើម្បីវេចខ្ចប់ផលិតផល ដែលដៃខ្មែរផលិតបាន មានដូចជាសាប៊ូជាដើម។

តាមពិតទៅ ផលិតផលថែសម្រស់ ដែលកំពុងចរាចរណ៍នៅលើទីផ្សារ មិនអាចនិយាយ បានថា គ្មានគុណភាពនោះទេ គ្រាន់តែផលិតផលទាំងនោះភាគច្រើន ផ្សំឡើងដោយ មានសារធាតុមានផ្ទុកគីមី ដែលនាំឲ្យប៉ះពាល់សុខភាព។

ចំណែកផលិតផលដែលចម្រាញ់ចេញពីផ្លែឈើធម្មជាតិ ភាគច្រើនគឺគ្មានជាតិគីមី នោះឡើយ។ តួយ៉ាងដូចជា ប្រេងដូង ដែលសិប្បកម្មដៃខ្មែរយកមកធ្វើនេះជាដើម។

អ្វីដែលពិសេសទៀតនោះ ក្រៅពីបានទាញយកប្រេងដូងមកប្រើប្រាស់ ជាប្រយោជន៍ ហើយ វិច្ឆិកា ក៏មិនបោះបង់ចោលត្រឡោករបស់វានោះឡើយ។ ស្ថាបនិកដៃខ្មែរវ័យក្មេង រូបនេះ បានយកត្រឡោកដូងដុតកំឡោច ធ្វើជាផលិតផលសម្រាប់ដុសធ្មេញ ខាត់ ស្បែកផ្សំជាមួយនឹងក្រូច និងប្រេងដូង ហើយក៏មានសាប៊ូធ្យូងផងដែរ។

សិប្បកម្មដៃខ្មែររបស់កញ្ញា វត្ថា វិច្ឆិកា មានទីតាំងស្ថិតនៅក្នុងភូមិកំពុងសំណាញ់ ឃុំកំពុងសំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ សិប្បកម្មខា្នតតូចនេះ កំពុងបានជួយ ផ្តល់ការងារដល់ស្រ្តី ៤នាក់ នៅក្នុងភូមិឲ្យទទួលបានប្រាក់ចំណូលពីការងារនេះ។ លើសពីនេះទៀត សិប្បកម្មបានជួយសំអាតបរិស្ថាន តាមរយៈមិនប្រើប្រាស់ថង់ ប្លាស្ទិច។

ជាចក្ខុវិស័យកញ្ញា វត្ថា វិច្ឆិកា មានគោលដៅចង់ជួយស្ត្រី ឲ្យមានការងារធ្វើកាន់តែច្រើន ពិសេសទៀតនោះ ចង់ជួយរកទីផ្សារកសិករខ្មែរ តាមរយៈយកផ្លែដូងមកធ្វើជាវត្ថុធាតុ ដើម។​ ក្នុង១ខែ សិប្បកម្មដៃខ្មែរ ប្រើដូងទុំអស់ពី ៤០០ ទៅ ៥០០ផ្លែ ដែលដូងទាំងនេះ នាំយកមកពីខេត្តកំពង់ចាម បាត់ដំបង និងខេត្តកំពត។ដោយឡែកផលិតផលដែល​ធ្វើចេញពីដៃខ្មែរ បច្ចុប្បន្នមានទីផ្សារនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ជាកូនទី ៣នៅក្នុងចំណោមបងប្អូនបង្កើត ៤នាក់ ស្ថាបនិកដៃខ្មែរកញ្ញា វត្ថា វិច្ឆិកា គ្រោង​នឹងពង្រីកទីផ្សារអត្តសញ្ញាណដៃខ្មែរ នៅទូទាំងប្រទេស និងនាំចេញទៅ​ក្រៅ​ប្រទេស​ផងដែរ។ ទោះយ៉ាងណា បច្ចុប្បន្នផលិតផលដែលជាស្នាដៃកូនខ្មែររូបនេះ មានការកម្មង់​ចេញទៅក្រៅប្រទេសបណ្តើរៗហើយ៕

អត្ថបទ៖ សាវតា