
កសិករចិញ្ចឹមមាន់នៅអាស៊ីកំពុងប្រឈមមុខនឹងការផ្ទុះជំងឺផ្តាសាយបក្សីដ៏អាក្រក់បំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលវីរុសដ៏សាហាវ បានប៉ះពាល់ដល់កសិដ្ឋានជាច្រើនពីប្រទេសជប៉ុនរហូតដល់ប្រទេសឥណ្ឌា និងកំពុងធ្វើឱ្យតម្លៃបក្សីធ្លាក់ចុះ និងមិនទាន់មានសញ្ញានៃការធូរស្រាលនៅឡើយ។
សត្វមាន់ជាង២០លានក្បាល ត្រូវបានសម្លាប់និងបំផ្លាញចោលនៅកូរ៉េខាងត្បូងនិងជប៉ុនចាប់តាំងពីខែវិច្ឆិកា។ វីរុសផ្តាសាយបក្សី H5N8 កាលពីសប្តាហ៍មុន បានឆ្លងទៅដល់ឥណ្ឌាដែលជាប្រទេសអ្នកផលិតសាច់មាន់លេខ៦នៅលើពិភពលោក ហើយត្រូវបានគេរាយការណ៍ថានៅក្នុងរដ្ឋចំនួន១០របស់ឥណ្ឌាកំពុងឆ្លងរាតត្បាតជំងឺនេះ។
អ្នកជំនាញនិយាយថា ជំងឺផ្តាសាយបក្សីបម្លែងថ្មីបានធ្វើឱ្យវីរុសនេះវិវត្តកាន់តែសាហាវទៅបក្សីព្រៃ ហើយនឹងធ្វើឱ្យប្រទេសដែលមានបក្សហោះហើរឆ្លងកាត់ងាយនឹងរងគ្រោះពីជំងឺខ្លាំងបំផុត។ លោក Mohinder Oberoi អ្នកជំនាញខាងសុខភាពសត្វឥណ្ឌានិងជាអតីតទីប្រឹក្សានៃអង្គការស្បៀងអាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានមានប្រសាសន៍ថា៖«នេះគឺជាការផ្ទុះដ៏អាក្រក់បំផុតមួយដែលមិនធ្លាប់មាននៅក្នុងប្រទេសឥណ្ឌា»។
តម្លៃសាច់មាន់នៅក្នុងប្រទេសឥណ្ឌាបានធ្លាក់ចុះស្ទើរតែមួយភាគបីកាលពីសប្តាហ៍មុន ដោយសារតែអតិថិជនមានការប្រយ័ត្នប្រយែងកាន់តែខ្លាំងឡើងចំពោះជំងឺឆ្លងផ្ដាសាយបក្សីនេះ បើទោះបីជា ជំងឺនេះមិនអាចឆ្លងទៅមនុស្សតាមរយៈការបរិភោគបសុបក្សី។
ប៉ុន្តែនៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុនវិញ មិនទាន់មានផលប៉ះពាល់ទីផ្សារសត្វមាន់នៅឡើយទេ ដោយមានតម្រូវការសាច់មាន់កាន់តែច្រើនអំឡុងពេលមានការរឹតបន្តឹងវិធានការមិនឱ្យពលរដ្ឋចាកចេញពីផ្ទះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ការរីករាលដាលចុងក្រោយនៅក្នុងភូមិសាស្ត្រធំធេងនិងយ៉ាងឆាប់រហ័សនេះ បានធ្វើឱ្យក្លាយជារលកឆ្លងដ៏អាក្រក់មួយនៅអាស៊ីចាប់តាំងពីដើមឆ្នាំ២០០០។
លោក Fadjar Sumping Tjatur Rassa ប្រធានផ្នែកសុខភាពសត្វនៃក្រសួងកសិកម្មឥណ្ឌូនេស៊ីបាននិយាយថា ឥណ្ឌូនេស៊ីដែលជាប្រទេសផលិតសាច់មាន់លេខ២នៅអាស៊ី គឺគ្រាន់តែជាកន្លែងហោះហើរឆ្លងកាត់បណ្តោះអាសន្នសម្រាប់សត្វស្លាបព្រៃប៉ុណ្ណោះ ហើយប្រទេសខ្លួន បានហាមឃាត់ការនាំចូលបក្សីរស់ពីប្រទេសដែលមានវីរុស H5N8 និងបានបង្កើតប្រព័ន្ធឃ្លាំមើលសម្រាប់ការរកឃើញវីរុសនេះទាន់ពេលវេលា។
ដោយសារមិនមានផ្លូវហោះហើរសម្រាប់បក្សីព្រៃធំៗនៅលើតំបន់អាស៊ីអាគ្នេយ៍ ប្រទេសមួយចំនួនដូចជាវៀតណាម ឡាវ និងកម្ពុជាបានរួចផុតពីការផ្ទុះវីរុស H5N8 នេះ ប៉ុន្តែកំពុងប្រឈមនឹងហានិភ័យឆ្លងជំងឺនេះ ពីចលនារបស់ប្រជាជននិងទំនិញ៕