
នៅថ្ងៃទី២០វិច្ឆិកា លោកវេជ្ជបណ្ឌិត តាក់កឺស៊ី កាសៃ (Takeshi Kasai) អគ្គនាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ប៉ាស៊ីហ្វិកខាងលិច លោកស្រី វេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកនៅកម្ពុជា បានសរសេរបង្ហោះតាមបណ្ដាញទំនាក់ទំនងធ្វីតទឺ (Twitter) ដើម្បីអបអរកម្ពុជាដែលទប់ស្កាត់បានមិនឱ្យជំងឺកូវីដ១៩ឆ្លងរាលដាលដោយសារព្រឹត្តការណ៍៣វិច្ឆិកា។
លោក តាក់កឺស៊ី កាសៃ បានសរសេរថា៖«សុខភាពសមូហភាពគឺផ្អែកលើការដឹកនាំរឹងមាំនិងសកម្មភាពបុគ្គល។ ខ្ញុំសូមកោតសរសើរប្រទេសកម្ពុជាចំពោះសកម្មភាពដែលកើតពីការសម្រេចចិត្ត ដើម្បីគ្រប់គ្រងការឆ្លងជាចង្កោម ដែលត្រូវបានភ្ជាប់ទៅនឹងដំណើរទស្សនកិច្ចការទូតនៅថ្ងៃទី៣វិច្ឆិកា និងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលបានយកគំរូតាមការអនុវត្តសុខភាពសាធារណៈបានល្អ»។
ចំណែកលោកស្រី លី អាយលែន បានសរសេរដែរថា៖«អបអរសាទរប្រទេសកម្ពុជាដែលបានគ្រប់គ្រងព្រឹត្តិការណ៍កូវីដ១៩នៅថ្ងៃ៣វិច្ឆិកាបានយ៉ាងល្អ ដើម្បីបន្តធ្វើឱ្យកម្ពុជាមានសុវត្ថិភាព។ ការរកឃើញឆាប់រហ័ស ការឆ្លើយតបយ៉ាងរហ័សជាមួយនឹងអន្តរាគមន៍ដែលមានគោលដៅ គឺចាំបាច់ចំពោះជោគជ័យនេះ»។

ពាក់ព័ន្ធនឹងព្រឹត្តការណ៍៣វិច្ឆិកានៃការធ្វើដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រីមកកម្ពុជា គឺបានធ្វើឱ្យមនុស្ស៤នាក់ ក្នុងនោះជាមន្រ្តីជាន់ខ្ពស់២នាក់បានឆ្លងជំងឺកូវីដ១៩ ខណៈមនុស្សជាង១ពាន់៤រយនាក់ផ្សេងទៀត ដែលមានទាំងនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីជាច្រើនរួបផ្សេង ត្រូវបានធ្វើតេស្ដនិងធ្វើចត្តាឡីស័ក១៤។
នាយករដ្ឋមន្រ្តីបានប្រកាសបិទបញ្ចប់ព្រឹត្តការណ៍៣វិច្ឆិកានេះកាលពីថ្ងៃទី១៨វិច្ឆិកា គឺក្រោយពីមនុស្សជាង១ពាន់៤រយនាក់បានធ្វើតេស្ដលើកទី៤និងជាលើកចុងក្រោយអវិជ្ជមាន។
កម្ពុជាបានចាត់ទុកការឆ្លងកាត់ព្រឹត្តការណ៍៣វិច្ឆិកា ថាជាការឆ្លងកាត់ដំណាក់កាលស្មុគស្មាញមួយដែលមានហានិភ័យខ្ពស់នៃការចម្លងវីរុសកូវីដ១៩។
គិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកានេះ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៣០៥នាក់ ក្នុងនោះជាសះស្បើយមានចំនួន ២៩៥ នាក់ ចំណែកអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរនិងសូវៀតចំនួន៨នាក់ និងនៅមណ្ឌលសុខភាពចាក់អង្រែចំនួន ២នាក់៕