លោក​ស្រី ឱ វណ្ណឌីន មន្រ្តី​នាំ​ពាក្យ​ក្រសួង​សុខា​ភិ​បាល​បាន​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ម្សិល​មិញ​ទី​១២​ខែ​មីនា មាន​អ្នក​ទេស​ចរ​បរ​ទេស​ចំនួន​២​នាក់ ម្នាក់​ជា​ជន​ជាតិ​អង់​គ្លេស​និង​ម្នាក់​ទៀត​ជា​ជន​ជាតិ​ចិន​ដែល​បាន​ធ្វើ​ដំណើ​រ​ទៅ​ទស្សនា​សារ​មន្ទីរ​គុក​ទួល​ស្លែង ត្រូវ​បាន​យក​សំណាក​មក​ធ្វើ​មក​តេស្ដ​រក​វីរុស​កូវីដ​១៩ បន្ទាប់​ពី​អ្នក​ទេស​ចរ​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​គេ​ពិនិត្យ​ឃើញ​ឡើង​កម្ដៅ​ខ្លួន​លើស​ពី​៣៨​អង្សា​។

លោក​ស្រី​បញ្ជក់​នៅ​រសៀល​ថ្ងៃ​ស្រុក​ទី​១៣​មីនា​ថា ក្រសួង​កំពុង​រង់​ចាំ​លទ្ធ​ផល​ពី​វិទ្យា​ស្ថាន​ប៉ា​ស្ទ័រ ដោយ​បាន​បដិ​សេធ​ថា ពួក​គេ​ទាំង​២​នាក់ មិន​មែន​ជា​អ្នក​ទេស​ចរ​នៅ​លើ​នាវា​ទេស​ចរណ៍ Viking Cruise Journey នោះ​ទេ​៕

លោក​ស្រី​បន្ត​ថា ចំពោះ​ជន​ជាតិ​អង់​គ្លេស ត្រូវ​បាន​ក្រុម​គ្រូ​ពេទ្យ​បញ្ជូន​មក​កាន់​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​ កាល​ពី​ថ្ងៃ​ទី​១២​មីនា ប៉ុន្តែ​បុរស​រូប​នេះ បាន​ភៀស​ខ្លួន​ចេញ​ពី​មន្ទីរ​ពេទ្យ​វិញ នៅ​អំឡុង​ពេល​ក្រុម​ពេទ្យ​កំពុង​រៀប​ចំ​យក​សំណាក​មក​ធ្វើ​វិភាគ​។

លុះ​មក​ដល់​ពាក់​កណ្ដាល​យប់ អាជ្ញា​ធរ​បាន​រក​ឃើញ​ថា បុរស​ជន​ជាតិ​អង់​គ្លេស​ខាង​លើ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​កំពង់​កំពត និង​បាន​ស្នាក់​នៅ​ក្នុង​សណ្ឋាន​គារ​មួយ​។ បន្ទាប់​ពី​រក​ឃើញ អ្នក​ទេស​ចរ​នេះ​ត្រូវ​បាន​មន្រ្តី​សុខា​ភិ​បាល​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​ខេត្ត​កំពត និង​បាន​យក​សំណាក​មក​ធ្វើ​តេស្ដ​នៅ​រាជ​ធានី​ភ្នំ​ពេញ​។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់​ថា ចំណែក​ជន​ជាតិ​ចិន គឺ​ត្រូវ​បាន​សម្រាក​នៅ​ក្នុង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ​សូវៀត​៕