លោក អុល ដូរិន ប្រធានការិយាល័យបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកណ្ដាលបានអះអាងប្រាប់ខ្មែរណាស់ នៅថ្ងៃនេះថា ជ្រូកនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាលបានងាប់ជាបន្តបន្ទាប់ និងគិតមកដល់ពេលនេះ មានជាង៥០០ក្បាលហើយ ខណៈមន្រ្តីជំនាញខេត្តកំពុងប្រើប្រាស់ថ្នាំTH4 ដើម្បីបាញ់សម្លាប់មេរោគនៅកន្លែងកំពុងផ្ទុះ។

លោក អុល ដូរិន មិនបានបញ្ញាក់អំពីករណីផ្ទុះឡើងជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះឡើយ។ លោកថា« ក្រោយមានជ្រូកងាប់ យើងបានបូមឈាមធ្វើតេស្ដមើលកាលពីថ្ងៃទី៨កក្កដានេះ ហើយនៅថ្ងៃទី០៩ កក្កដា លទ្ធផលបង្ហាញថា ដោយសារឆ្លងជំងឺប៉េស្ដជ្រូកអាហ្វ្រិក»។

ជាមួយគ្នានេះ បើតាមតួលេខពីនាយកដ្ឋានសុខភាពនិងសុខភាពសាធារណៈបសុព្យាបាលនៃក្រសួងកសិកម្មបានបង្ហាញនៅថ្ងៃនេះដែរថា ជំងឺប៉េស្ដជ្រូកអាហ្វ្រិកដែលផ្ទុះឡើងនៅខេត្តរតនគីរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ បានធ្វើឱ្យជ្រូកចំនួន២៥៥៧ក្បាលបានងាប់ ដែលក្នុងនោះប្រហែល៧រយក្បាល ត្រូវបានសម្លាប់ចោល។