សេដកិច្ច៖ កម្ពុជាបានប្រកាសជោគជ័យក្នុងការចាប់ផ្ដើមបូមបានតំណក់ប្រេងលើកដំបូងនៅថ្ងៃទី២៩ធ្នូនេះ ដែលជាការអនុវត្តដោយក្រុមហ៊ុន Kris Energyរបស់ប្រទេសសិង្ហបុរី។ មន្រ្តីក្រសួងរ៉ែនិងថាមពលបានអះអាងថា ប្រេងដែលចាប់ផ្ដើមបូមបាននេះ គឺត្រូវលក់ទៅក្រៅប្រទេសទាំងអស់ ហើយកម្ពុជានៅតែបន្តនាំចូលប្រេងចូលពីបរទេសសម្រាប់​ប្រើប្រាស់ដដែល។

លោក ជៀប សួរ ប្រធាននាយកដ្ឋានប្រេងនៃក្រសួងរ៉ែនិងថាមពលបានប្រាប់សារព័ត៌​មានខ្មែរណាស់នៅថ្ងៃទី២៩ធ្នូនេះថា កម្ពុជានៅត្រូវការនាំចូលប្រេងពីបរទេសសម្រាប់​យកមកផ្គត់ផ្គង់ដើម្បីប្រើប្រាស់ក្នុងប្រទេសដដែល ពីព្រោះប្រេងដែលពលរដ្ឋត្រូវការសម្រាប់​យានយន្ត គឺជាប្រភេទប្រេងឆ្អិនដែលកើតចេញពីរោងចក្រចម្រាញ់។

លោកថា៖«សូមជម្រាបជួនថា យើងមិនទាន់មានរោងចក្រចម្រាញ់ប្រេងនៅក្នុងស្រុកទេ។ អ៊ីចឹងប្រេងដែលយើងផលិតបានគឺជាប្រេងឆៅ យើងត្រូវលក់ទៅក្រៅហើយ ទៅទីផ្សាអន្តរ​ជាតិ ហើយយើងនៅតែនាំចូលប្រេងឆ្អិនពីក្រៅប្រទេសដដែល»។

លោកបន្តទៀតថា ការចាប់ផ្ដើមបូមប្រេងនៅពេលនេះ ក៏នឹងមិនជួយធ្វើឱ្យតម្លៃប្រេងសាំងដែលប្រើប្រាស់ប្រចាំថ្ងៃចុះថោកនោះដែរ ខណៈជារៀងរាល់ឆ្នាំ កម្ពុជាបាននាំចូលប្រេងឆ្អិនដើម្បីយកមកផ្គត់ផ្គង់តម្រួវការក្នុងស្រុកជិត៣លានតោន ក្នុងនោះនាំចូលពីសិង្ហបុរី ថៃ វៀតណាម និងម៉ាឡេស៊ី ប៉ុន្តែលោកមិនបានដឹងតួរលេខខ្ទង់ចំណាយលើការនាំចូលប្រេងក្នុងមួយឆ្នាំៗនោះទេ ដោយសារកានាំចូលប្រេងគឺធ្វើឡើងតាមរយៈក្រុមហ៊ុនឯកជន។

លោក ជៀប សួរ បញ្ជាក់ទៀតថា បើតាមការប៉ាន់ស្មានរបស់ក្រុមហ៊ុន Kriss Energy គឺអណ្តូងប្រេងទាំង៥របស់ប្លុកA ដែលកំពុងចាប់ផ្ដើមបូមប្រេង គឺអាចមានសមត្ថភាពផលិតបានប្រេងចំនួន ៧៥០០ ប៉ារែលក្នុងមួយថ្ងៃ ខណៈប្រេងក្នុងមួយប៉ារែលអាចមានតម្លៃប្រហែល៥១ដុល្លារ។



សម្ដេច ហ៊ុន សែន បានអះអាងថា កម្ពុជាចាប់ផ្ដើមមានក្រុមហ៊ុនមកវិនិយោគរុករកប្រេងដំបូងតាំងពីឆ្នាំ១៩៩០ គឺក្រុមហ៊ុនឈ្មោះ Enterprise Oil មកពីប្រទេសអង់គ្លេស ប៉ុន្តែក្រុមហ៊ុននេះប្រកាសដកខ្លួនទៅវិញដោយសារអះអាងថារកមិនឃើញមានប្រេងនៅប្លុកAនេះ។ ប៉ុន្តែគឺនៅឆ្នាំ២០១០ ក្រុមហ៊ុនChevron របស់សហរដ្ឋអាមេរិកបានប្រកាស​រក​ឃើញជម្រករ៉ែប្រេងមានលក្ខណៈពាណិជ្ជកម្ម ជាលើកដំបូងរបស់កម្ពុជា នៅទីតាំង​ដែល​ធ្លាប់ត្រូវបានក្រុមហ៊ុនអង់គ្លេសរុករក ហើយបានដាក់ផែនការដើម្បីចាប់ផលិតប្រេងដំបូងនៅអំឡុងខែធ្នូឆ្នាំ២០១២ ប៉ុន្តែផែនការនោះត្រូវបានរាំងស្ទះរហូតមកដល់ពេលនេះ។

នាយករដ្ឋមន្រ្តីបានចាត់ការចាប់ផ្តើមផលិតបានប្រេងនៅពេលនេះ ថាជាអំណោយដ៏ធំមួយ និងជាពរជ័យសម្រាប់ប្រជាជន និងប្រទេសជាតិ ហើយមិនមែនជាបណ្តាសារដូចការលើកឡើងរបស់អ្នកមួយចំនួន ដែលលោកអះអាងថា ជាក្រុមអគតិ។

មូលហេតុដែលនាយករដ្ឋមន្រ្តីមានប្រតិកម្មបែបនេះ ដោយសារកាលពីឆ្នាំ១៩៩៩និងឆ្នាំ​២០០០ ធ្លាប់មានខាងIMS ធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងUNDP បាន​ចោទសួរអំពីការចាយវាយលុយដែលបានមកពីលុយប្រេង រហូតដល់មានសិក្ខាសាលាលើកឡើងអំពីប្រធានបទ តើប្រេងជាពរជ័យឬប្រេងបណ្ដាសារ ដោយសារធ្លាប់ពិសោធន៍នៅប្រទេសនីហ្សេរីយ៉ា ដែលក្នុងនាមជាប្រទេសមានប្រេង ប៉ុន្តែបែរជាក្រីក្រ ដោយសារតែមានអំពើពុករលួយ៕

ដោយ៖ សុន មិនា