លោក ឃឿន ឃន មន្ត្រីឧទ្យានុរក្សប្រចាំការស្នាក់ការរងទឹកវេរ នៃដែន​ជម្រកសត្វ​​ព្រៃ​​ភ្នំសំកុស បានជួបឧបទ្ទវហេតុទាក់បន្លារឫស្សី បណ្តាលអោយរង​របួសមុតកយ៉ាង​ជ្រៅ ​ខណៈកំពុងធ្វើដំណើរល្បាតនៅចំណុចខ្នងម្រេះព្រៅ ក្នុងតំបន់ការពារធម្មជាតិ​ដែន​ជម្រក​សត្វព្រៃភ្នំសំកុស ភូមិសាស្រ្តខេត្តពោធិ៍សាត់។

បន្ទាប់ពីកើតហេតុ ក្រុមការងាររួមដំណើរបានសង្គ្រោះបឋម ដើម្បីឃាត់ឈាមហូរ និង​​បាន​​បញ្ចូនទៅព្យាបាលមុខរបួសនៅមន្ទីរពេទ្យប្រម៉ោយ ក្រោមការយកចិត្តទុក​ដាក់​ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំ​ក្រសួង និងមន្ទីរ។

ចំពោះបញ្ហានេះ លោក សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុក​ខេត្ត​ពោធិ៍សាត់ បានជួយឧបត្ថម្ភ ៤០០.០០០៛, លោក គង់ គឹមស្រេង ប្រធាន​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប ២០០.០០០៛ និងថវិកា​មួយចំនួនទៀតពី ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងស្នាក់ការ​ដែនជម្រក​ដែនជម្រកសត្វព្រៃភ្នំសំកុស ជូនដល់ជនរងគ្រោះ៕